អង្គភាពគ្រប់គ្រងឱសថចិន នៅថ្ងៃទី ១២ខែកុម្ភៈ បានយល់ព្រមឲ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ ប្រភេទ Paxlovid ផលិតដោយក្រុមហ៊ុនអាមេរិក Pfizer ។
អង្គភាពគ្រប់គ្រងឱសថចិនបានបន្ថែមថា ថ្នាំគ្រាប់ Paxlovid ត្រូវបានអនុម័តឱ្យប្រើប្រាស់ សម្រាប់ព្យាបាលមនុស្សពេញវ័យ ដែលមានអាការៈជំងឺ COVID-19 ស្រាលនិងមធ្យម រួមទាំងអ្នកប្រឈមហានិភ័យខ្ពស់ ក្នុងការវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាមិញ វាមិនទាន់ច្បាស់ទេថា ចិនបានពិភាក្សារួចហើយឬនៅ ជាមួយក្រុមហ៊ុន Pfizer ដើម្បីបញ្ជាទិញថ្នាំ COVID-19 នេះ។
បច្ចុប្បន្ន មានវ៉ាក់សាំងរបស់ក្រុមហ៊ុនជាច្រើន រួមទាំង Pfizer ផងដែរ ត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក ដើម្បីជួយទប់ស្កាត់ការឆ្លង COVID-19 ឬការធ្លាក់ខ្លួនឈឺធ្ងន់ ជម្រើសមធ្យោបាយសម្រាប់ព្យាបាលជំងឺនេះ គឺនៅមានកម្រិតនៅឡើយ។
កាលពីខែធ្នូ ឆ្នាំមុន ក្រុមហ៊ុន Pfizer បានអះអាងថា យោងតាមលទ្ធផលនៃការសិក្សាធ្វើតេស្តចុងក្រោយបង្អស់ ថ្នាំ Paxlovid អាចកាត់បន្ថយលទ្ធភាព ត្រូវចូលមន្ទីរពេទ្យឬស្លាប់បានរហូតដល់ ៨៩ភាគរយ ក្នុងចំណោមអ្នកជំងឺ COVID-19 ដែលប្រឈមហានិភ័យ ក្រោយលេបថ្នាំនេះ ក្នុងរយៈពេល៣ថ្ងៃ នៃការចេញរោគសញ្ញាដំបូង និងបាន៨៨ភាគរយ ក្រោយលេបវាក្នុងរយៈពេល៥ថ្ងៃ នៃការចេញរោគសញ្ញា៕
ដោយ៖ សាធី(រូបថត៖Shutterstock)