ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ខណៈដែលជនមិនស្គាល់អត្តសញ្ញាណ បានប្រេីល្បិចធ្វើជាបេីករថយន្តទៅបុកជាមួយរថយន្តជនរងគ្រោះ ហើយបានបាញ់មកលើជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ក្នុងរថយន្ត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញខេត្តព្រះសីហនុកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនល្មើស ដែលជាឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់រូបនេះ។
ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ខាងលេីនេះ បានកេីតឡេីងនៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្រោយសណ្ឋាគារខ្សាច់ស ស្ថិតនៅក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យបានបើករថយន្តម៉ាក Prius ពណ៌ស ស្លាកលេខ ភ្នំពេញ 2M-5992 បុកជាមួយរថយន្តជនរងគ្រោះម៉ាក អូឌី ពាក់ស្លាកលេខ ភ្នំពេញ 2AX-1232 ហើយបានបាញ់មកលើជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងរថយន្ត។ បន្ទាប់ពីធ្វើសកម្មភាពហើយនោះ ជនល្មើសបានបោះកាំភ្លើងខ្លីមួយដើម ម៉ាក ZORAKI រួចរត់គេចខ្លួនបាត់។
ក្រោយកេីតហេតុសពរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយកម្លាំងជំនាញអាវុធហត្ថ សហការជាមយយកម្លាំងជំនាញនគរបាល កំពុងធ្វើការស្រាវជ្រាវស្វែងរកជនល្មើស ដេីម្បីយកមកដាក់ទោសតាមច្បាប់៕
ដោយ៖សហការី