ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនារសៀលថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា យោងដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៩២ ឃ.ខ/២២ ៩៤ ឃ.ខ/២២ ៩៦ ឃ.ខ/២២ និង ៩៨ ឃ.ខ/២២ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលោក តូច ស៊ុនម៉ិញ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បង្គាប់ឲ្យភ្នាក់ងារនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទចំនួន៤នាក់ ទៅមន្ទីរឃុំឃាំងខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ឲ្យប្រធានមន្ទីរឃុំឃាំងខេត្តពោធិ៍សាត់នៃក្រសួងមហាផ្ទៃ ទទួលជននេះ និងឃុំឃាំងជននេះ រហូតទាល់តែបានទទួលការឲ្យដំណឹងអំពីដីកាសម្រេចថ្មីផ្សេងពីនេះ ។
យោងដីកាបង្គាប់ឲ្យឃុំខ្លួនដដែល ជនត្រូវចោទទី-១ ឈ្មោះ វ៉ែន យូណុះ ហៅយូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្ន រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនចំនួន២នាក់ ពីបទៈ លួច(ឆក់កាបូប)ប្រព្រឹត្តនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ទី-២ ឈ្មោះ ស្វាយ ចន្ទី ហៅទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ពីបទៈ លួច(ឆក់កាបូប)ប្រព្រឹត្តនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ទី-៣ ឈ្មោះ សឿន កូរិណា ហៅកុយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ពីបទៈ ទទួលផលចោរកម្ម ប្រព្រឹត្តនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ និងទី-៤ ឈ្មោះ ឈូក សាវី ហៅវី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ពីបទៈ លួច(ឆក់កាបូប)ប្រព្រឹត្តនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។
ដោយឡែកៈ ជនត្រូវចោទពីបទៈ លួច(ឆក់កាបូប)និងទទួលផលចោរកម្មទាំង៤នាក់នេះ ត្រូវបានលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់បញ្ជាក់បន្ថែមទៀតថា ក្រោយពួកគេធ្វើសកម្មភាពរួច ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជារូបលោកឲ្យដឹកនាំកម្លាំងស្រាវជ្រាវ និងធ្វើការបង្រ្កាបបានជាបន្តបន្ទាប់តែម្ដង ៕
ដោយៈ បុឹម ពិន