ភ្នំពេញ៖ បុរសម្នាក់បានខ្ចីរថយន្តមិត្តភក្តិយកមកជិះ ហើយដោយសារតែបើកក្នុងល្បឿនលឿនបានជ្រុលទៅឡើងខឿនផ្លូវរួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមនិងបន្តទៅបុកបង្កាន់ដៃស្ពានអាកាស ៥មករា បណ្ដាលឱ្យរថយន្តដាច់កង់ខាងមុខម្ខាងទៅមុខលែងរួច។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចស្ពានអាកាស៥ មករា ផ្លូវក្រោមដី តាមបណ្តោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-9022ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវ លេខ២៩៨ ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ក៏ជ្រុលឡើងខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្កាន់ដៃស្ពានអាកាសផ្លូវក្រោមដីពេញទំហឹងបណ្ដាលឱ្យរថយន្តដាច់កង់ខាងមុខម្ខាង រងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ភ្លាមនោះតៃកុងរថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់។ លុះមួយសន្ទុះក្រោយមកឃើញមានបុរសម្នាក់បានមកដល់កន្លែងកើតហេតុ ហើយបានអះអាងថាខ្លួនគាត់ជាម្ចាស់រថយន្ត និងបានប្រាប់ថារថយន្តរបស់គាត់ត្រូវបានមិត្តភក្តិខ្ចីជិះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ