ភ្នំពេញ ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជាពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនា ហើយប្រជាពុទ្ធបរិស័ទយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំរហូតមក។
បុណ្យមាឃបូជា បានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។មាឃបូជាក៏ជាថ្ងៃរំលឹកដល់ការដាក់អាយុសង្ខារ ចូលព្រះបរិនិព្វានរបស់ព្រះពុទ្ធអង្គផងដែរ។
ដោយសារយើងកំពុងស្ថិតនៅក្នុងការប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ ការប្រារព្ធពិធីបុណ្យមាឃបូជាក្នុងទ្រង់ទ្រាយធំពុំបានរៀបចំធ្វើឡើងដូចឆ្នាំមុនៗ ដែលមិនមានជំងឺរាតត្បាតកូវីដ-១៩នោះទេ។
ឆ្លៀតឱកាសនេះខ្ញុំ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនមិនត្រូវធ្វេសប្រហែសនឹងជំងឺកូវីដ-១៩ឡើយ។
សូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរជនរួមជាតិគ្រប់ៗគ្នា បានសមប្រកបដោយពុទ្ធពរទំាងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សូរិយា