ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន : នាយករដ្ឋមន្រ្តី ជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នាយករដ្ឋមន្រ្តី ជប៉ុន ៣រូប ហើយដែលបានអនុញ្ញាតឱ្យលោកបណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅ ឆ្នាំ២០១០ ,២០១៦ និង២០១៨។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការអនុញ្ញាតនេះ គឺជាការបង្ហាញឱ្យឃើញ នូវទំនាក់ទំនងពិសេសមួយរវាងកម្ពុជា និងជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សា រការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន ផងដែរ ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលបានបញ្ជូនយន្តហោះពិសេសមក ទទួលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងទ័ពជើងគោក ដោយកម្លាំងកងទ័ពជើងគោកជប៉ុន។

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការធ្វើសមយុទ្ធរវាង កម្ពុជា និងជប៉ុន។

សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលជប៉ុន ដែល បានគាំទ្រដំណើរសម្ដេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា មិន អាចរឹងពេក ឬទន់ពេកបាននោះឡើយ។

សូមបញ្ជាក់ថា, នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀល ថ្ងៃអង្គារ ទី ១៥ ខែកុម្ភ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញ

ជួបសំដែងការគួរសមជាមួយលោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងពិភាក្សាលើកិច្ចការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ព ជាពិសេសរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

សូមរំលឹកថា, លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ។ នេះបើយោងតាមប្រភព( GNtimes) ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការលើកឡើងបែបនេះក្នុងពេលដែលលោក HAYASHI Yoshimasa បានជួបជាមួយលោក ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការបរទេសនៃប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ។

លោករដ្ឋមន្ត្រីការបរទេស ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្ដិសមជាដៃគូយុទ្ធសាស្ត្រ ។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក រដ្ឋមន្ត្រី អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ានលើការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀសអំពើហិង្សា រៀបចំការផ្ដល់ជំនួយមនុស្សធម៌ និងការបើកច្រកសម្រាប់ការបំពេញភារកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ស្របតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព ។ លោក ក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្ដួចផ្តើមរបស់កម្ពុជាក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូណេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ៕

ដោយ ៖ សិលា


ចែករំលែក៖