ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការប៉ូលិសរដ្ឋធានីអូតាវ៉ា លាលែងចេញពីតំណែងដោយមិនអាចបំបែកក្រុមបាតុកររថយន្តបាន

ចែករំលែក៖

ស្នងការប៉ូលិសរដ្ឋធានី Ottawa ប្រទេសកាណាដា បានប្រកាសលាលែងចេញពីតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងដោយមិនអាចបំបែកហ្វូងបាតុកររថយន្តបាន ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ស្នងការប៉ូលិសអូតាវ៉ា លោក Peter Sloly នៅថ្ងៃទី១៥ខែកុម្ភៈ បានប្រកាសថា «ចាប់តាំងពី បាតុកម្មកើតឡើង ខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីរក្សាទីក្រុងអូតាវ៉ាឱ្យមានសុវត្ថិភាព និងបញ្ចប់វិវាទ ដោយការធ្វើបាតុកម្មមិនធ្លាប់មានពីមុនមក»។
ស្នងការប៉ូលិសទីក្រុងអូតាវ៉ា លោក Peter Sloly បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនដោយសារតែមិនអាចបំបែកក្រុមបាតុកម្មនៅរដ្ឋធានីអូតាវ៉ា ប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំង។ ក្រុមបាតុករ «ក្បួនរថយន្តសេរី» បានបិទផ្លូវសំខាន់ៗនៅក្នុងទីក្រុង។ ពលរដ្ឋបានចាត់ទុកថានេះជាសកម្មភាពដណ្តើមគ្រប់គ្រងទីក្រុងទាំងមូល។ ពលរដ្ឋចាត់ទុកសកម្មភាពធ្វើបាតុកម្មគឺជាការគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋ ដោយក្រុមបាតុកររថយន្ត បានស៊ីប្លេ និងបាញ់កាំជ្រួចពេញមួយយប់ ។ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាកម្លាំង ប៉ូលិសមិនបំបែកហ្វូងបាតុកររថយន្ត។
កាលពីដើមសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រី Justin Trudeau បានអនុវត្តច្បាប់គ្រាមានអាសន្នដើម្បីបញ្ជូនកម្លាំងទាហានទៅជួយបំបែកក្រុមបាតុកររថយន្ត៕ ដោយ៖ សាធី

រូបថត៖reuters


ចែករំលែក៖