ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់១គ្រាប់ក្រោយពីខកខាន៦ប្រកួតរបស់គាត់ក្នុងទម្រង់លេងដ៏ជក់ចិត្ត ជួយឲ្យក្រុមបិសាចក្រហម Manchester United យកឈ្នះក្រុម Brighton នៅ Old Trafford ដើម្បីវិលទៅកាន់ក្រុមកំពូលទាំង៤ក្នុងក្របខ័ណ្ឌ Premier League។
ចំណែកខ្សែបម្រើ Bruno Fernandes បន្ថែម១គ្រាប់ទៀត ជួយឲ្យក្រុមMan Utd យកឈ្នះ Brighton ក្នុងលទ្ធផល២ទល់០នៅតង់ទី២។ ក្រោយខកខានការរកគ្រាប់បាល់ក្នុងតង់ទី១ Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងតង់ទី២ នៅនាទីទី៥១។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានឱកាសរកគ្រាប់បាល់បន្ទាប់ពីការបញ្ជូនរបស់ Scott McTominay។
៣នាទីក្រោយមកប្រធានក្រុម Brighton កីឡាករ Lewis Dunk ត្រូវបានបណ្តេញចេញបន្ទាប់ពីអាជ្ញាកណ្តាលឆែក VAR ហើយក៏ផ្តល់កាតក្រហមក្រោយពីធ្វើឲ្យមានកំហុសលើកីឡាករ Anthony Elanga របស់ក្រុមបិសាចក្រហម។
ក្រុម Man United ក៏ទទួលរងការស៊ុតបាល់ចំគោលដៅពីកីឡាករក្រុម Brighton ផងដែរ នៅពេលដែលកីឡាករJakub Moder ស៊ុតសំដៅទៅសំណាញ់ទីក្រុមបិសាចក្រហម ហើយត្រូវអ្នកចាំទី David de Gea ជួយសង្គ្រោះបាន ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnickក្រុមបិសាចក្រហមបានធ្វើឲ្យមានភាពប្រសើរឡើងវិញក្រោយពីឡើងទៅឈរចំណាត់ថ្នាក់លេខ៤ ដោយចាញ់រហូតដល់២០ពិន្ទុពីក្រុមលេខ១ Man City។
បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United បានឡើងមកឈរចំណាត់ថ្នាក់លេខ៤ មាន៤៣ពិន្ទុ ក្នុង២៥ប្រកួត ខណៈដែលក្រុមលេខ៣ Chelsea មាន៤៧ពិន្ទុ ក្នុង២៤ប្រកួត ហើយក្រុមលេខ២ Liverpool មាន៥៤ពិន្ទុ ក្នុង២៤ប្រកួតដូចគ្នា។
ក្រុមបិសាចក្រហម នឹងត្រូវប៉ះក្រុម Leeds United នៅថ្ងៃទី២០ ខែកុម្ភៈក្នុងក្របខ័ណ្ឌ Premier League បន្តទៀត បន្ទាប់មកត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ AtleticoMadrid ជើងទី១ វគ្គ១៦ក្រុមChampions Leagueនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)