ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជាក់ថានឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីបញ្ចៀសសង្គ្រាមជាមួយអ៊ុយក្រែន

ចែករំលែក៖

ប្រធានគណៈកម្មការសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko បានបង្ហាញការជឿជាក់ថានឹងដោះស្រាយវិវាទដោយសន្តិភាពតាមរយៈកិច្ចការបរទេស និងនយោបាយ ។
សារព័ត៌មាន TASS នៅថ្ងៃទី១៦ខែកុម្ភៈ បានផ្សាយថា ប្រធានគណៈកម្មការសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko បានលើកឡើងថា
«គោលជំហររបស់យើងត្រូវបានប្រមុខដឹកនាំរុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ថា នឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសសង្គ្រាមជាមួយអ៊ុយក្រែន ។ ការគិតពីសង្គ្រាមគឺជារឿងមិនត្រឹមត្រូវឡើយចំពោះរុស្ស៊ី។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថាទីក្រុងមូស្គូមិនចង់ឃើញសង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបឡើយ ប៉ុន្តែបានស្នើឱ្យបញ្ហាទំនាក់ទំនងរវាងអ៊ុយក្រែននឹង NATOគួរតែត្រូវបានដោះស្រាយជាបន្ទាន់។
ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្នុងទីក្រុងមូស្គូ លោកពូទីនបានឱ្យដឹងទៀតថា រុស្ស៊ីទទួលបានការជូនដំណឹងពីមហាអំណាចលោកខាងលិចថាអ៊ុយក្រែននឹងមិនចូលជាសមាជិក NATO ក្នុងពេលអនាគតដ៏ខ្លីនោះទេ។ តែទោះជាបែបនេះក្ដី លោកនៅតែព្រមានដដែលថានេះមិនមែនជាការធានាគួរឱ្យពេញចិត្តទេ។
លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បើសួរថា តើយើងចង់ឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់ឬក៏អត់? ច្បាស់ណាស់ យើងពិតជាមិនចង់ឃើញឡើយ ដូច្នេះហើយទើបយើងបានដាក់ការស្នើមួយចំនួនសម្រាប់កិច្ចចរចាដែលគួរតែមានកិច្ចព្រមព្រៀងមួយធានាសន្តិសុខយ៉ាងស្មើភាពដល់អ្នកគ្រប់គ្នា ក្នុងនោះ រួមមានទាំងប្រទេសយើងផងដែរ»។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះរុស្ស៊ី បានអះអាងថាខ្លួនបានដកកងទ័ពមួយចំនួនចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដែលនេះត្រូវបានគេ មើលឃើញថាជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែទីក្រុងម៉ូស្គូ មិនបានបញ្ជាក់លម្អិតថាតើកងទ័ពចំនួនប៉ុន្មានត្រូវបានដក ហើយដកទៅទីណាឱ្យប្រាកដនៅឡើយទេ ខណៈរុស្ស៊ីត្រូវបានលោកខាងលិចចោទប្រកាន់ថាបានប្រមូលផ្ដុំកងទ័ពជាង ១៣,០០០០នាក់ នៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន៕

ដោយ៖ សាធី(រូបថត៖AFP)


ចែករំលែក៖