ខេត្តកំពត៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១.០០០គ្រួសារ នៅសាលាខេត្តកំពត ដែលត្រូវបានមកទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី១ដបពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រីជាភរិយា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឧកញ៉ា លោក លោកស្រីផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនកបានមានប្រសាសន៍ថា៖ កម្មវិធីមនុស្សធម៌នេះអាចដំណើរការទៅបានគឺដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តាមរយៈសិល្បៈនៃការចែករំលែក និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងតាមផែនការដែលរដ្ឋបាលខេត្តបានកំណត់ គឺការចែកស្បៀងនេះជារៀងរាល់៣ដងក្នុងមួយសប្តាហ៍ គឺថ្ងៃ ចន្ទ ពុធ និងថ្ងៃសុក្រ ។
លោកស្រីឧបនាយករដ្ឋមន្រ្តីក៏បាននាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលបានមកទទួលស្បៀងក្នងថ្ងៃនេះដែរ។ លោកស្រីកិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
១ – ត្រូវបង្កើនប្រសិទ្ធភាពការពាររាងកាយពីមេរោគកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ដោយចាំបាច់ពលរដ្ឋគ្រប់រូបត្រូវពន្លឿនការចាក់ដូសទី៣ឱ្យបានលឿន ដើម្បីបន្តដល់ដូសទី ៤ ដែលជាដូសជំរុញ និងមិនត្រូវរំពឹងតែ ២ដូសដែលបានចាក់រួចហើយនោះទេ ។
២- បន្តការខិតខំតទៅទៀតក្នុងការ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេស ត្រូវអនុវត្តវិធានការ «៣ការពារ និង ៣កុំ» ជាចាំបាច់ផងដែរ៕
ដោយ៖សហការី