ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់បានសម្រេចហើយគេចខ្លួនបាត់បណ្តាលឱ្យជនរងគ្រោះដួលរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យកកាបូប​បាន​សម្រេច​បណ្ដាល​ឱ្យ​​ជនរងគ្រោះ​​ដួលម៉ូតូ​រង​របួសស្រាល ចំណែកជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្ថិភាព។

   ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភ​: ឆ្នាំ ២០២២ ​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុងសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ អេ​ង វ​ណ្ណី  អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ​ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ បើក​​ម៉ូតូ​១​​គ្រឿង​ ពណ៌ស ពាក់​ស្លាក​លេខ ​ស្ទឹង​ត្រែង ​1C-9301។​

បើតាមស្ត្រីរងគ្រោះ​​​​បាន​​​ឱ្យ​ដឹង​​ថា មុនពេល​​កើតហេតុ​គាត់បានជិះម៉ូតូតាមផ្លូវលេខ២៧១​ពី​ផ្សារ​សុ​វ​ណ្ណា​ឡើង​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ លុះ​ពេល​មក​ដល់​ចំណុច​ផ្លូវបំបែក​ស្ពាន​បត់​ឆ្វេង​សំដៅ​ទៅ​ផ្លូវ​លេខ២១៧ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ស្គូ​​ពី​ ​ស៊េរី​ឆ្នាំ​២០២២ មិន​ចាំ​ស្លាក​លេខ​ចំនួន​២​គ្រឿងតាម​ពីក្រោយគាត់ រួចហើយស្រាប់តែមានជនសង្ស័យ​ម្នាក់​ក្នុង​​ចំណោម​បក្ខពួក​៣​នាក់​បានធ្វើ​សកម្មភាព​ឆក់​យកកាបូប​ដែល​គាត់​​ស្ពាយ​នៅ​ជាប់​ខ្លួន​យកទៅ​បាត់ ចំណែក​គាត់​ដួល​ម៉ូតូ​រង​របួស​រលាត់​ដៃជើង។

   ​ស្ត្រីរងគ្រោះបានឱ្យដឹងទៀត​​ថា នៅ​ក្នុង​កាបូប​មាន​តែ​លុយ​៣​ម៉ឺន​រៀល កាត​ATM​ និង​​កាត​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤។

   ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​នៅកន្លែង​កើតហេតុ​​បាន​និយាយ​ថា ករណី​ចោរកម្ម​ភាគច្រើន​នៅ​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ ទីតាំង​ដែល​ធ្លាប់​ឃើញ​ព័​ត៌មាន​ផ្សព្វផ្សាយ​គឺនៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ ស្ពាន​ស្ទឹង​មាន​ជ័យ​ នៅ​ក្រោម​ស្ពាន​អាកាស​ក្រោម​ដី​ និង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដូច្នេះសូម​ឱ្យ​​សមត្ថកិច្ច​​ជួយ​បង្ក្រាប​ក្រុម​ចោរ​លួច​ឆក់ប្លន់ទាំងនោះផង។

    បន្ទាប់ពីកើតហេតុស្ត្រីរងគ្រោះបានទូរស័ព្ទឱ្យគ្រួសារ​មក​ជួយ​យក​ម៉ូតូ​និងដឹក​ទៅមន្ទីរ​ពេទ្យ​ដើម្បី​លាង​របួស​ ហើយ​មិន​ទាន់​​ទៅ​ដាក់​ពាក្យបណ្ដឹង​ទេ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖