ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនបុរសម្នាក់ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារទៅឲ្យដើមបណ្តឹង

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហម ម៉េងសែ កាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ លឹម សុវណ្ណ ហៅ ផេង ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែ ដាក់ពន្ធនាគារ (PJ) ជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ. ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញតាំងពីអំឡុងឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន  និងប្រតិបត្តិការទូរទាត់សងប្រាក់។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ លឹម សុវណ្ណ ហៅ ផេង ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ៩៨បេ ផ្លូវលេខ១៣៤ហ្សិត សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញលិខិតអញ្ជើញមកដោះស្រាយ ទៅតាមពាក្យបណ្ដឹងរបស់ឈ្មោះ ចាន់ សុខពៅ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ និងធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១១ ថ្ងៃត្រង់និងជូនដំណឹងទៅ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖