ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខមួយក្រុមមកធ្វើ​សកម្មភាព​កាប់សម្លាប់ម្ចាស់ហាង យីហោ២៥០០នៅផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណៈម្ចាស់ហាងអះអាងថា សង្ស័យ​ជារឿងគំនុំ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖​ មានជនសង្ស័យ​មួយក្រុម​មិនស្គាល់​អត្តសញ្ញាណប្រមាណជា​៤នាក់​ ប្រដាប់​ដោយ​កាំបិត​កែច្នៃ​ និងពាក់មួកការពារសុវត្ថិភាព​បានមកធ្វេីសកម្មភាពកាប់ប្រហារ​ទៅ​លេីម្ចាស់ហាងយីហោ២៥០០រៀល​ ប៉ុន្តែ​មិនបានសម្រេចឡើយ ហើយភ្លាម​ៗនោះ​ក្រុមជនសង្ស័យ​បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ 

    បេី​តាមការបញ្ជាក់ពី​មន្រ្តី​នគរបាល​ខណ្ឌឫស្សី​កែវ​បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ករណី​ខាងលើ​នេះ​បានកេីតឡេីង​នៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ស្ថិត​នៅចំណុចហាងលក់ដូរយីហោ”២៥០០៛”​ តាមបណ្ដោយ​ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

   មន្រ្តី​ដដែល​បន្ត​ថា​៖ ម្ចាស់ហាងយីហោ២៥០០​៛ ដែល​ត្រូវក្រុមជនមិនស្គាល់​អត្តសញ្ញាណ​មួយក្រុម​មកធ្វើ​សកម្មភាព​ដេញកាប់ដល់ក្នុងហាងគោលបំណងចង់សម្លាប់នេះ​ កម្លាំងសមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​ដេីម្បីកំណត់មុខសញ្ញា​ និងតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់។ ដោយឡែក​ជនរងគ្រោះកំពុងតែលាក់បាំងពីអត្តសញ្ញាណរបស់ជនសង្ស័យផងដែរ​ ហើយភ្លាមៗនោះជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្ដឹងនោះដែរ គឺទាល់តែសមត្ថកិច្ចចុះមកហៅឱ្យ​ទៅដាក់ពាក្យបណ្ដឹងទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង​ ប៉ុន្តែ​ជនរងគ្រោះបែរជាសរសេរថាមិនស្គាល់មិនដឹងរឿងអ្វីទាំងអស់។

   គួរបញ្ជាក់ថា​ បើ​ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញ​កំពុងតែតាមស្រាវជ្រាវរកជនល្មើសខាងលើនេះ​ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។

   សូមជម្រាបថា​ ក្រោយពេលកេីតហេតុជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ​បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនពេលកេីតហេតុ​ពួកគាត់​និងក្រុមគ្រួសារ​មានគ្នាចំនួន​៤នាក់កំពុងតែអង្គុយហូបបាយ​ ស្រាប់​តែ​ពេលនោះ​មានជនល្មេីសចំនួន​៤នាក់ប្រដាប់ដោយកាំបិត​ និងពាក់មួកការពារសុវត្ថិភាព​បានមកធ្វេីសកម្មភាពកាប់ប្រហារ​ទៅ​លើ​ប្តី​ប្រពន្ធ​ពួកគាត់​ ដោយមិនបានកាប់អ្នកផ្សេងនោះទេ​។ ប៉ុន្តែ​ដោយ​ពួកគាត់​បាននាំគ្នារត់គេចខ្លួនទាន់ទេីបជនដៃដល់ដេញកាប់មិនត្រូវ​ រួច​ក៏បង្កការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ចេញមកជួយ​ធ្វើអន្តរាគមន៍​ទាន់ពេលវេលា។ 

   ជនរងគ្រោះ​ពីរនាក់​ប្តី​ប្រពន្ធ​រូបនេះ​ ក៏បានអះអាងបន្ថែមថា៖​ ក្រុមជនសង្ស័យ​ទាំងនោះ​មកកាប់ពួកគាត់សង្ស័យជារឿងគំនុំ ហើយ​អាចមានអ្នកបញ្ជានៅពីក្រោយខ្នងឱ្យមកសម្លាប់ពួកគាត់។

ដូច្នេះ​ពួកគាត់​ក៏សូមអំពាវនាវដល់សមត្ថកិច្ចជួយស្វែងរកជនសង្ស័យទាំងនោះ​ដេីម្បីកំណត់មុខសញ្ញា​និងចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ផងដែរ៕

ដោយ៖ ជីណា


ចែករំលែក៖