ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច រួចបម្រុងជិះម៉ូតូរត់ តែទាក់ដៃចង្កូតគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ ដួលទៅលើដងផ្លូវយកបានតែទូរស័ព្ទរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនមិនបានប៉ុន្មានម៉ោងផងក៏ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការស្រាវជ្រាវចាប់ខ្លួនបានម្នាក់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាន ម៉ូលីដា ភេទស្រី តុបតែងខ្លួនជាបុរស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកលក់សាំង ស្នាក់នៅផ្ទះជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ គង់ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR-1714ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 11 Pro Max ពណ៌ស ចំនួន០១គ្រឿង ។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៦និង៤០នាទី ជនរងគ្រោះបានបើកម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HN-0906 ម្នាក់ឯង ចេញពីកន្លែងធ្វេីការនៅស្ថានីយប្រេងឥន្ធនៈភីធីធី ផ្លូវបេតុងទួលពង្រ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅទិញបាយនៅបុរីពិភពថ្មី ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះបើកម៉ូតូដល់ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរខាងលើ ក៏បានលើកទូរស័ព្ទនិយាយបណ្តើរ បើកម៉ូតូបណ្តើរ ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ ទី១-ឈ្មោះ គង់ ណាវីន ភេទប្រុស អាយុ២២ឆ្នាំ, ទី២-ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ, ទី៣-ឈ្មោះ ចាន់ សុឃុន ភេទប្រុស អាយុ២៤ឆ្នាំ, ទី៤-ឈ្មោះ រ៉េត រតនៈ ហៅ រ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ៣គ្រឿង គឺទី១-ម៉ូតូម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BR-1714 បើកបរដោយជនសង្ស័យឈ្មោះ គង់ ណាវីន បើកឌុបជនសង្ស័យឈ្មោះ សិទ្ធ, ទី២-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរដោយជនសង្ស័យឈ្មោះ ចាន់ សុឃុន, ទី៣-ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ បើកបរដោយជនសង្ស័យឈ្មោះ រ៉េត រតនៈ ហៅ រ៉ាយ ។ ពេលនោះជនសង្ស័យឈ្មោះ គង់ ណាវីន បានឃើញជនរងគ្រោះកំពុងតែនិយាយទូរស័ព្ទ ក៏បានជិះម៉ូតូទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក Iphone 11 Pro Max ពណ៌ស របស់ជនរងគ្រោះបានសម្រេច ធ្វើឱ្យម៉ូតូរបស់ជនសង្ស័យទាក់ដៃចង្កូតជាមួយម៉ូតូរបស់ជនរងគ្រោះដួលទាំងពីរគ្រឿង ហើយជនសង្ស័យឈ្មោះ គង់ ណាវីន និងឈ្មោះ សិទ្ធ ក៏បានយកទូរស័ព្ទរបស់ជនរងគ្រោះស្ទុះរត់ឡើងជិះម៉ូតូម៉ាកស្គូពីជាមួយជនសង្ស័យឈ្មោះ រ៉េត រតនៈ ហៅ រ៉ាយ គេចខ្លួនបាត់ទៅ ដោយបន្សល់ទុកម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាកស្លាកលេខភ្នំពេញ 1BR-1714 នៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដែលជិះម៉ូតូល្បាតតាមផ្លូវឃើញហេតុការណ៍ ក៏បានជួយធ្វើអន្តរាគមន៍នាំជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីស្រាវជ្រាវរកជនសង្ស័យ រហូតដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គង់ ណាវីន រួមនឹងភស្តុតាងទូរស័ព្ទដៃម៉ាក Iphone 11 Pro Max របស់ជនរងគ្រោះនៅត្រង់ចំណុចផ្ទះជួល ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធី ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខួពួកដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនចាត់ការជនសង្ស័យតាមផ្លូវច្បាប់តែម្តង ហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដដែល ជនរងគ្រោះបានមកធ្វើពាក្យស្នើសុំ ទូរស័ព្ទដៃម៉ាក Iphone 11 Pro Max ពណ៌សចំនួន០១គ្រឿងយកទៅប្រើប្រាស់ វិញ សមត្ថកិច្ចក៏បានប្រគល់ទូរស័ព្ទដៃម៉ាកខាងលើឲ្យជនរងគ្រោះយកទៅប្រើប្រាស់ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ ភារ៉ា ដង្កោ