ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 នៅថ្ងៃដដែលនោះ ព្រះរាជវង្សានុវង្ស និងពួកមន្ត្រីក្នុងក្រុង ព្រមទាំងភរិយាចូលទៅជួបជុំថ្វាយទឹក ទៀន ដែលមានចំនួនតាមឋានន្តរសក្កិរបស់ខ្លួនមានទឹកនិងផ្កាផង ហើយថ្វាយជ័យមង្គល អាយុ វណ្ណៈ សុខៈពលៈ ចំពោះព្រះអង្គគ្រប់គ្នា។

បន្ទាប់មកព្រះរាជវង្សានុវង្ស និងពួកមន្រ្តីទាំងអម្បាលម៉ាននោះ ចូលទទួលទឹកពិភ័ទ្ទសច្ចាដែលខ្លួនត្រូវធ្វើម្ដងទៀត ក្នុងរវាង ៦ ខែក្រោយអំពើនោះមក។

 លំដាប់តមក មានធ្វើពិធីហែក្បួនទាហានហើយក្រុមព្រាហ្មណ៍បុរោហិតធ្វើពិធីប្រោះព្រំចតុរង្គសេនា គឺសេនាទាហានទាំងបួនពួក ថែមទាំងមានល្បែងប្រណាំងដំរី សេះ មានការប្រកួតចំបាប់និងប្រដាល់ជាកម្សាន្តផង។

 នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល នៅទីអារាម ឬនៅក្នុងភូមិឋាន គេធ្វើពិធីពូនភ្នំខ្សាច់នៅក្នុងគ្រួសារ ដោយគេច្រើនធ្វើភ្នំខ្សាច់តូចដាក់នៅលើតុ។ នៅខេត្តសៀមរាប អ្នកស្រុកនិយមរចនាភ្នំខ្សាច់ឱ្យមានរាងល្អប្រណីតដូចជារាងចេតិយដែលគេតែងតែឃើញនៅទីអារាមដែរ។ នៅតំបន់ដដែលនេះគេនិយមសាងភ្នំខ្សាច់នៅជិតដើមពោធិ៍ដោយគេយល់ឃើញថាព្រះពុទ្ធអង្គជាគ្រូនៃយើងទាំងឡាយទ្រង់បានសម្រេចនូវសព្វញត្តញាណ នៅពេលដែលទ្រង់គង់នៅក្រោមដើមពោធិ៍ព្រឹក្ស។ នៅតំបន់នោះបើគេមិនធ្វើភ្នំខ្សាច់ដល់ទៅ ៥ ឬ ៩ ហើយធ្វើរាជវ័តិព័ទ្ធជុំវិញដោយមានទុកទ្វារចេញ ៤ តាមទិសធំៗ និងមិនធ្វើអ្វីជាធំដុំទេនោះ ក៏គង់គេពូនភ្នំខ្សាច់មួយនៅគ្រប់ដើមពោធិ៍ដែរ ហើយពួកឧបាសក ឧបាសិកា នាំគ្នាយកទង់ក្រដាសពណ៌ និងទៀនធូបទៅដោត ហើយដាក់គ្រឿងបូជាដទៃទៀតតាមពេញចិត្ត។

 ប៉ុន្តែតាមធម្មតា ច្រើនតែពូនភ្នំខ្សាច់នៅទីវត្តពេលល្ងាចមុនថ្ងៃចូលបុណ្យ។ អ្នកណាដែលមិនបានចូលមកជួបក្នុងការស្ថាបនាភ្នំនោះទេ នៅពេលជាបន្ទាប់មក អាចយកដីខ្សាច់បាចលើដីនោះ ពីរទៅបីក្តាប់ ក៏បាន។ ព្រឹកឡើងពួកឧបាសកឧបាសិកានាំគ្នាទៅវត្តប្រគេនភត្តព្រះសង្ឃរួចទើបនាំគ្នាដើរជាក្បួនប្រទក្សិណភ្នំនោះ៣ជុំ អាចារ្យប្រកាសសុំសេចក្តីសុខចម្រើនចែកជូនទាយក ទាយិកា គ្រប់ៗគ្នាហើយគេនាំគ្នាចូលទៅដោតធូប ទៀន ទង់ក្រដាសពណ៌ នៅជើងភ្នំខ្សាច់ថែមទាំងប្រោះព្រំដោយទឹកអប់និងទឹកម្សៅរមៀតផង។

 ការសាងភ្នំនេះចេះតែមានប្លែកៗទៅតាមភូមិស្រុក។

 នៅពេលរសៀល អ្នកស្រុកតំបន់ខ្លះច្រើននិយមធ្វើកិច្ចនិមន្តព្រះសង្ឃស្រង់ទឹក។ នៅកន្លែងខ្លះទៀត គេនិយមធ្វើកិច្ចស្រង់ព្រះពុទ្ធរូប ហើយឧទ្ទិសសុំឱ្យមានភ្លៀងបរិបូណ៌។ 

  ក្នុងរយៈពេលចូលឆ្នាំប៉ុន្មានថ្ងៃនោះយុវជនប្រុស-ស្រីប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណូលចិត្ត ហើយគេច្រើនបែកគ្នាលេង ស្រីម្ខាង ប្រុសម្ខាង។ ល្បែងដែលគេនិយមលេងច្រើនជាងគេ គឺចោលឈូងច្រៀងដែលគេត្រូវច្រៀងនៅពេលដែលបោះឈូងនោះពីទីម្ខាងទៅទី ម្ខាងនិងល្បែងអង្គញ់។

  នៅតំបន់ខ្លះដូចជា សៀមរាប បាត់ដំបង គេនៅនិយមលេងល្បែងមួយបែបប្លែកពីស្រុកដទៃដែលហៅថា” រាំត្រុដិ” ។ ដល់រាំសុំប្រាក់អ្នកស្រុកពីផ្ទះមួយទៅផ្ទះមួយ គ្រប់ផ្ទះក្នុងភូមិរបស់ខ្លួន មានបុរសម្នាក់ធ្វើប្រុសជិះឈើមួយរាង.ង ដែលមានឆ្អឹងក្បាលប្រើសនៅចុងម្ខាងហើយចុងម្ខាងទៀតធ្វើជាព្រានធ្វើអាការជាបាញ់ប្រើដនិងស្នា។កាលណាប្រមូលបានបច្ច័យមកអ្នកលេងៗនាំគ្នាយកទៅទុកជាសម្បត្តិវត្ត។

  នៅក្នុងខេត្តកណ្ដាលគេក៏អាចកត់សម្គាល់ទំនៀមប្លែកៗខ្លះដែរដូចជានៅភូមិមួយតាមមាត់ទន្លេមេគង្គស្រីៗនាំគ្នាទៅអុំទូកក្នុងព្រះវិហារតែការអុំទូកនេះគ្រាន់តែធ្វើជាលំនាំឧបកិច្ចឲ្យក្រពើស្លូតពីព្រោះនៅស្រុកនោះពីអតីតកាលសំបូរសត្វក្រពើណាស់។ នៅភូមិខ្លះទៀតគេធ្វើបញ្ជាន់រូបនៃខ្មោចបិសាចដែលអាស្រ័យនៅនឹងដើមឈើក្បែរវត្តដើម្បីសុំសេចក្តីសុខចម្រើនក្នុងឆ្នាំនោះ។

  ម្យ៉ាងទៀតនៅកន្លែងណាដែលមានប្រាសាទគុកគុហាបុរាណប្រជារាស្រ្តខ្មែរ ចូលចិត្តនាំគ្នាធ្វើភោជនីយទេសចរណ៍ដោយពួក ដោយក្រុមនៅពេលចូលឆ្នាំថ្មីម្ដងៗ ដូចជាគេតែងសង្កេតឃើញជារៀងរាល់ឆ្នាំ នៅអង្គរវត្តជាដើម។អ្នកស្រុកស្កាត់តាំងពីខេត្តដទៃច្រើនតាន់តាប់ដើម្បីទៅមើលស្នាដៃបុព្វបុរសសម័យបុរាណនិងធ្វើសក្ការៈបូជាចំពោះវត្ថុស័ក្តិសិទ្ធនៅទីនោះផង៕(នៅមានត)

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖