ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងមនុស្ស៣នាក់ផ្សេងទៀតបានរងរបួសស្ថិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ២កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨និង១០នាទី ស្ថិតក្នុងនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ត្រង់ចំណុចខាងមុខ ស្ថានីយ៍ប្រេងឥន្ធនៈ ចន្ថា ស្រីនេត លើផ្លូវខេត្ត1TK1 ចន្លោះគីឡូមែត្រលេខ ១៣-១៤។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងនេះកើតឡើងដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1L-3529 មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ អាំ នឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ មាននៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (ពាក់មួកសុវត្ថិភាព) បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ឈ្មោះ ខា រក្សា ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា (មិនពាក់មួកសុវត្ថិភាព)របួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀតស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1C-7259 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ យ៉េ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) របួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឃឹម ដា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)របួសស្រាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុដែលបង្កឲ្យកើតករណីគ្រោះថ្នាក់ខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបរ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែង និងបានកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរី៕
ដោយ៖ ស សម