# ពិធីនៅខែពិសាខ
នៅថ្ងៃពេញបូរមីខែពិសាខ នៅក្នុងព្រះបរមរាជវាំងមានធ្វើពិធី ២ យ៉ាង គឺ ÷ សាលាកភត្ត(ពិធីនេះខាងទំនៀមរាស្ត្រក៏ធ្វើក្នុងខែពិសាខដែរ ប៉ុន្តែមិនមានកំណត់ថ្ងៃឲ្យទៀងទាត់ទេ) និងវិសាខបូជាដែលជាបុណ្យរំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូដែលទ្រង់ប្រសូតិទ្រង់ត្រាស់ដឹងនិងទ្រង់បរិនិព្វាន។
សលាភតយ គឺជាបុណ្យប្រគេន(ខាទនីយភោជនីយាហារ)ចំពោះព្រះសង្ឃដោយពិធីចាប់ស្លោក គឺគេសរសេរព្រះនាមព្រះសង្ឃដែលគេនិមន្តមកទាំងប៉ុន្មានក្នុងស្លាកតូច ហើយឱ្យទាយកចាប់ត្រូវលើព្រះសង្ឃអង្គណា ក៏យកភត្តទៅប្រគេនព្រះសង្ឃអង្គនោះទៅ។ នៅព្រះបរមរាជវាំងតែងកំណត់ធ្វើសលាកភត្តនៅព្រឹកថ្ងៃពេញបូណ៌មីខែពិសាខជាពិសេស គឺព្រះករុណាពុំទ្រង់ចាប់ស្លាកព្រះសង្ឃជាមួយនឹងព្រះរាជវង្សានុវង្សទេ ក្រុមសង្ឃការីយកស្លាកព្រះនាមព្រះសង្ឃនាយកតម្កល់លើពានមាសយកទៅថ្វាយព្រះអង្គតែម្ដង។
បុព្វហេតុដែលនាំឱ្យទាយកធ្វើសាលាកភត្តប្រហែលជាយកតាមលំនាំរឿងនាង”កាឡីយក្ខិនី” ដែលចងពៀរតាមព្យាបាទនាងកុលធីតាជាច្រើនជាតិមកហើយទាល់តែនាងធីតាបីកូនរត់ចូលទៅរកព្រះសម្មាសម្ពុទ្ធហើយសូមព្រះអង្គជួយស្រោចស្រង់ជីវិតកូននាង។ ព្រះបរមសាស្ដាទ្រង់ប្រទានព្រះធម្មទេសនាហើយនាងកាឡីយក្ខិនី ក៏កើតមានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធោវាទសោចចិត្តចងពៀរនឹងនាងកុលធីតាទៅ។ មិនតែប៉ុណ្ណោះព្រះអង្គទ្រង់ត្រាស់បង្គាប់នាងកុលធីតាឲ្យយកនាងកាឡីយក្ខិនីដែលជាសត្រូវទៅចិញ្ចឹមផង។ ឯនាងយក្ខិនី ជាអ្នកស្គាល់ហេតុភេទនៃអាកាសធាតុលោកថាឆ្នាំណាភ្លៀងច្រើន ឆ្នាំណាភ្លៀងតិចក៏ជួយប្រាប់ដើម្បីឱ្យនាងកុលធីតាធ្វើស្រែបានផលល្អ។បន្តិចមកអ្នកជិតខាងនាំគ្នាយកភ័ស្តុភាទៅជូននាងយក្ខិនីដើម្បីសួរដំណឹងអំពីភ្លៀងនាងយក្ខិនីសម្បូរដោយលាភសក្ការៈច្រើនពេកទៅ ក៏គិតលៃលកធ្វើជាសាលាកភត្តប្រគេនវត្ថុទាំងនោះចំពោះព្រះសង្ឃ។ ប្រហែលជាជាប់ទាក់ទងមកពីរឿងនេះ ទើបមានការនិយមធ្វើសាលាកភត្តជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ។
តាមដំណើររឿងដែលបានពោលមកខាងលើនេះអ្នកប្រាជ្ញខ្មែរខ្លះសន្និដ្ឋានថាទំនៀមធ្វើស្លាកភត្តជាអនុស្សាវរីយ៍នៃទំនៀមមួយក្នុងរបរធ្វើស្រែចម្ការជំនាន់បុរាណ។
ថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតិ។ ក្រោយមកព្រះអង្គរង់ចាកចេញពីព្រះរាជវាំងទៅរិះរកមធ្យោបាយដើម្បីនឹងស្រោចស្រង់សត្វលោកឲ្យផុតអំពីទុក្ខវេទនា។នៅពេលយប់ថ្ងៃពេញបូរមីខែពិសាខដែលទ្រង់គង់នៅក្រោមដើមពោធិព្រឹក្ស ទ្រង់ក៏បានសម្រេចនៅព្រះសម្ពោធិញ្ញាណ ហើយចាប់តាំងពីថ្ងៃនោះមកព្រះអង្គទ្រង់និមន្តប្រោសសត្វលោកដោយការសម្ដែងធម្មទេសនា។ លុះដល់ព្រះអង្គទ្រង់រំលត់ខ័ណ្ឌចូលកាន់ព្រះបរិនិព្វានក៏នៅថ្ងៃពេញបូរមីខែពិសាខដែរ។
ប៉ុន្តែគួរឲ្យឆ្ងល់ ព្រោះថាការដែលធ្វើបុណ្យរំលឹកថ្ងៃប្រសូតត្រាស់ដឹងនិងបរិនិព្វាន(អផិលក្ខិខកាលនិយម)របស់ព្រះសម្មាសម្ពុទ្ធយើងនេះ ទើបតែនឹងមាននិយមធ្វើនៅប្រទេសសៀម និងនៅប្រទេសកម្ពុជានៅពេលថ្មីៗនេះសោះ ពុំមែនធ្វើក្រោយកាលដែលទ្រង់ព្រះបរិនិព្វានទៅភ្លាមៗនោះទេ។ នៅប្រទេសសៀមព្រះចៅរាមាទី ២ បានចាប់ផ្ដើមធ្វើឡើងនៅក្នុងគ្រិស្តសករាជ ១៨១៧ នៅក្នុងប្រទេសកម្ពុជាផ្ដើមធ្វើឡើងនៅក្នុងរជ្ជការនៃព្រះបាទសម្ដេចព្រះអង្គឌួង។
ប្រហែលជាមកអំពីហេតុនេះហើយមើលទៅរបៀបជាបុណ្យក្នុងគ្រួសារទៅវិញ ព្រះករុណានិងព្រះរាជវង្សានុវង្ស ទ្រង់ព្រះសណ្ដាប់ព្រះធម្មទេសនាក្នុងវត្តព្រះកែវមរកតដែលលម្អដោយភ្ញីភ្លើងភ្លឺច្រើនរន្ទាលក្នុងវេលាយប់នៃមហាមង្គលនោះ។ ឯចំណែកវត្តនានានៅក្នុងប្រទេសកម្ពុជាទាំងមូល ក៏មានការតែងភ្លើងភ្លឺព្រោងព្រាតក្នុងវេលាយប់នោះដែរហើយពួកទាយក-ទាយិកានាំគ្នាទៅប្រជុំធ្វើពិធីវិសាខបូជា ស្ដាប់ព្រះធម្មទេសនាអំពីពុទ្ធប្រវត្តិនិងព្រះឱវាទផ្សេងៗរបស់ព្រះបរមគ្រូផង៕ (នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត