ភ្នំពេញ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ បកស្រាយ និងបំពេញព័ត៌មានបន្ថែម ពាក់ព័ន្ធសំណុំរឿង លោក កឹម សុខា ក្នុងនាមជាអ្នកដែលបានសង្កេតនិងតាមដានសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ចំនួន៤ចំណុចសំខាន់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុវត្តជាអន្តរជាតិ ដូចតទៅ៖
១-ភាគី លោក កឹម សុខា និងមេធាវី កំពុងព្យាយាមបំភ្លៃសាធារណមតិ អំពីវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងនេះ ថាជាវីដេអូកាត់ត ព្រោះខ្លួនដឹងថា ចំណុចស្លាប់រស់ក្នុងសំណុំរឿងនេះ គឺជាភស្តុតាងវីដេអូឃ្លីបនេះឯង គួបផ្សំជាមួយភស្តុតាងជាច្រើនផ្សេងទៀត។
២-ពាក់ព័ន្ធខ្លឹមសារនៃវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងនេះ មានចំណុចសំខាន់គួរឱ្យកត់សម្គាល់ចំនួន២ ដែលសាធារណជននិងអ្នកសង្កេតការណ៍ក្នុងសវនាការសង្កេតឃើញនាពេលកន្លងមក គឺ៖
ទី១- ភស្តុតាងជាវីដេអូ គឺរឹងមាំណាស់ ពុំមែនជាវីដេអូក្លែងក្លាយ ហើយក៏គ្មានការកាត់តខ្លឹមសារអ្វីឡើយ។ ភាគី លោក កឹម សុខា បានយកវីដេអូដើមមកផ្ទៀងផ្ទាត់នៅក្នុងសវនាការរបស់តុលាការរួចហើយ គឺ ខ្លឹមសារនៃសំដីរបស់ លោក កឹម សុខា នៅក្នុងវីដេអូភស្តុតាងដើម និងខ្លឹមសារនៃវីដេអូពេញលេញដែលភាគី លោក កឹម សុខា ដាក់ជូនតុលាការ គឺដូចគ្នាបេះបិទ គ្រាន់តែភាគី លោក កឹម សុខា យកវីដេអូពេញលេញដែលមានរយៈពេលជាងមួយម៉ោង ហើយដែលកន្លែងខ្លះគ្មានខ្លឹមសារពាក់ព័ន្ធសំណុំរឿង យកមកផ្ទៀងផ្ទាត់ ប៉ុន្តែ តុលាការត្រូវការតែខ្លឹមសារដែលពាក់ព័ន្ធនឹងរឿងឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តន៍ពណ៌តែប៉ុណ្ណោះ ដើម្បីធ្វើជាភស្តុតាងក្នុងសំណុំរឿង។
ទី២- ចំពោះវីដេអូ គឺប្រជាពលរដ្ឋដឹងគ្រប់គ្នាទាំងអស់ថា ក្នុងវីដេអូនោះ លោក កឹម សុខា ខ្លួនឯងបាននិយាយរៀបរាប់អំពីផែនការដែលគាត់បានរៀបចំជាសម្ងាត់យូរមកហើយ ជាមួយបរទេស ដោយរាប់តាំងពីការជ្រើសរើសយកគាត់ទៅបណ្តុះបណ្តាលនៅបរទេស រហូតដល់ការដឹកនាំធ្វើសកម្មភាពក្នុងស្រុក ដោយមានការជួយ ឬចូលរួមពីបរទេស។ ផែនការដែលបានរៀបចំជាមួយបរទេសនោះ គឺផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដោយយកគំរូតាមស៊ែរប៊ី-យូហ្គូស្លាវី។ ប្រជាជនខ្មែរ បានដឹងអំពីរឿងនេះ និងដឹងអំពីខ្លឹមសារនៃការឃុបឃិតគ្នាជាមួយបរទេសនេះយ៉ាងច្បាស់នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈ។
៣-ចំពោះរឿងបរទេសមួយណា គឺតុលាការបានសម្រេចប្រើអក្សរជាតំណាងរដ្ឋបរទេស ដើម្បីកុំអោយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាជាមួយបរទេស។ ហើយរឿងបរទេសជួយដល់ជនជាប់ចោទនាពេលធ្វើសកម្មភាព គឺសាមីខ្លួនបានដឹងច្បាស់ណាស់ថាអ្នកណាខ្លះជួយ ហើយភស្តុតាងក្នុងសំណុំរឿង ក៏មានច្រើនណាស់។ កុំថាឡើយការធ្វើសកម្មភាពនានារបស់ជនជាប់ចោទ សូម្បីតែកម្មវិធីនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ក៏បរទេសជួយរៀបចំធ្វើអោយដែរ។ ប្រជាជនដឹងថា ភស្តុតាងក្នុងសំណុំរឿងមានច្បាស់ទាំងអស់ហ្នឹង។
៤-ចំពោះការចោទប្រកាន់ថា មានការអូសបន្លាយពេលវេលានៃសំណុំរឿងនេះ គឺជារឿងមិនសមស្របទេ ព្រោះរឿងនេះ ជាសំណុំរឿងដ៏ធំដែលពាក់ព័ន្ធដល់សន្តិសុខជាតិ ហើយភស្តុតាងមានច្រើនដែលត្រូវពិនិត្យ ហើយភាគីនៃសំណុំរឿងមានសិទ្ធិក្នុងការដាក់បន្ថែមភស្តុតាងដើម្បីការពាររៀងៗខ្លួន។ តុលាការ ត្រូវដំណើរការដោយត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ដើម្បីធានាថា សិទ្ធិរបស់ភាគីត្រូវបានធានា ជាពិសេស សិទ្ធិការពារខ្លួនរបស់ជនជាប់ចោទ។ នៅស្រុកគេខ្លះ គេមាននីតិវិធីមួយ គឺ “To plead guilty” ឬ “Se plaider coupable” ដែលជនជាប់ចោទគាត់សហការសារភាព និងផ្តល់ភស្តុតាងថា គាត់បានប្រព្រឹត្តមែន ដើម្បីទទួលបានស្ថានសម្រាល ជាពិសេស ក្នុងសំណុំរឿងដែលអាជ្ញាធរ ឬរដ្ឋអាជ្ញាមានភស្តុតាងរឹងមាំក្នុងដៃដែលជនជាប់ចោទរើខ្លួន ឬដោះខ្លួនមិនរួច។
នៅពេលជនជាប់ចោទជ្រើសរើសយុទ្ធសាស្រ្ត “To plead guilty” គឺនឹងធ្វើអោយសំណុំរឿងឆាប់ចប់ ហើយជនជាប់ចោទទទួលបានស្ថានសម្រាលទោស។ នៅប្រទេសគេខ្លះ នីតិវិធីនេះជាការពេញនិយមណាស់សម្រាប់ជនជាប់ចោទដែលដឹងខ្លួនខុស ហើយយល់ថា អាជ្ញាធរ ឬតុលាការមានភស្តុតាងរឹងមាំក្នុងដៃអស់ហើយ។ នៅក្នុងសំណុំរឿង លោក កឹម សុខា នេះ ក៏ដូចគ្នាដែរ គឺសំណុំរឿងនេះ មានភស្តុតាងរឹងមាំណាស់ ហើយក្នុងនាមជាអ្នកតាមដាននិងសង្កេតលើសំណុំរឿងជាច្រើននាពេលកន្លងមក ខ្ញុំមិនដែលឃើញសំណុំរឿងដែលមានភស្តុតាងរឹងមាំ និងស៉ីចង្វាក់គ្នាយ៉ាងល្អដូចសំណុំរឿងមួយនេះទេ។
ជាទស្សនៈផ្ទាល់ខ្លួន ក្នុងសំណុំរឿងដែលគេមានភស្តុតាងដាក់បន្ទុករឹងមាំ និងស៉ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទគួរប្រើយុទ្ធសាស្រ្ត “To plead guilty” ដើម្បីសុំឱ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីអោយនីតិវិធីឆាប់ចប់ ហើយយុទ្ធសាស្រ្តនេះ ក៏ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗជាច្រើនផងដែរ៕
ដោយ៖ សូរិយា