ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ “យុវជន ជាទ្រព្យសម្បត្តិរបស់ជាតិ”

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ លោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត  បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ “យុវជន ជាទ្រព្យសម្បត្តិរបស់ជាតិ”។ 

លោក តូច ប៉ូលីវ៉ា អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង តំណាង​ លោក​ ឌី វិជ្ជា ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀងបានធ្វើការកោតសរសើរដល់ យុវជន ស.ស.យ.ក ដែលបានចូលរួមជួយក្នុងយុទ្ធានាការសម្របសម្រួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការងារសង្កេតការណ៍ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការត្រៀមលក្ខណៈសម្បត្តិសម្រាប់សង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ និងសកម្មភាពជាច្រើនទៀតនាពេលកន្លងមក ។

លោក ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  លោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្ត ជូនដល់យុវជន ស.ស.យ.ក និងត្រូវបន្តអនុវត្ត វិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកសូម​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធាន ក៏ដូចជា ស.ស.យ.ក ខេត្តស្វាយរៀង និងស.ស.យ.ក ក្រុងបាវិត ក្រោមការដឹកនាំរបស់លោក ឌី វិជ្ជា ដែលបំពេញការងារយ៉ាងសកម្មសម្រាប់ជាតិមាតុភូមិ ការងារសង្គម និងការអប់រំ ជាដើម ជាពិសេសការចូលរួមដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិតសូម​សម្តែងនូវកត្តញ្ញូតាធម៌ និងការដឹងគុណជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអតីតយុទ្ធជន ដែលបានពលី សាច់ស្រស់ ឈាមស្រស់ ដើម្បីភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍឥតឈប់ឈរសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ជាពិសេសការបញ្ចប់សង្រ្គាមទាំងស្រុងនៅប្រទេសកម្ពុជា ដែលរហូតដល់ពេលបច្ចុប្បន្ននេះ សន្តិភាពពេញលេញទូទាំងប្រទេស ទើបមានអាយុកាលជាង ២៣ ឆ្នាំប៉ុណ្ណោះ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក មគ្គុទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្នើម។ 

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងសាងសង់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំមួយឆ្ពោះទៅមុខជានិច្ច សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនទាំងអស់ ក្នុងការផ្តល់នូវឱកាសគ្មានដែនកំណត់ ដើម្បីទទួលបាននូវរបបការងារ សុខដុមរមនា និងការថែទាំសុខមាលភាព ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាឲ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។

លោកក៏បានណែនាំ​ដល់​យុវជនទាំងអស់ថា “ការដឹងគុណ និងកត្តញ្ញូតាធម៌របស់យុវជនដល់ថ្នាក់ដឹកនាំ គឺជាការឆ្លុះបញ្ចាំងសម្រាប់ការលូតលាស់ និងការរីកចំរើនរបស់ប្រទេសជាតិ ហើយជាមួយគ្នានេះ យុវជនមិនត្រូវភ្លេចឡើយនូវគុណបំណាច់របស់ឪពុកម្តាយដែលបានផ្តល់កំណើតនិងចិញ្ចឹមថែរក្សាបីបាច់ និងដឹងគុណចំពោះលោកគ្រូ-អ្នកគ្រូចំពោះការអប់រំប្រៀនប្រដៅ ផងដែរ”។ 

ក្នុង​ឱកាស​នេះលោក លី ធុជ សូម​ចាត់ទុក យុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករ ជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំមួយសម្រាប់អនាគតប្រទេសជាតិ ប្រសិនបើគ្មានយុវជន សង្គមយើងមិនទាន់មានភាពពេញលេញនៅឡើយទេ ហើយយុវជននោះទៀតសោត ត្រូវមានភាពជឿជាក់ ទស្សនៈវិស័យ ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន ដើម្បីធ្វើជាត្រីវិស័យ ក្នុងការជួយតម្រង់ទិស និងកំណត់ទិសដៅសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិដាច់ខាត ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖