ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

# ពិធីចម្រើនព្រះជន្មវស្សា :

  ជាទំនៀមរៀងមក ព្រះរាជពិធីចម្រើនព្រះជន្មវស្សាត្រូវធ្វើអស់ថេរវេលា ៥ ថ្ងៃលើកលែងតែឆ្នាំណាដែលត្រូវនឹងឆ្នាំដែរព្រះករណាណាទ្រង់ប្រសូត្រ នោះពិធីបុណ្យត្រូវធ្វើគម្រប់ ៧ថ្ងៃ។  ថ្ងៃបន្ទាប់នឹងថ្ងៃបង្ហើយបុណ្យនេះគឺត្រូវនឹងថ្ងៃដែលព្រះកក់ទៅណាទ្រង់ប្រសូតិ។

  គោលសំខាន់នៃបុណ្យដ៏ឧឡារិកនេះ គឺចម្រើនព្រះជន្មវស្សានៃព្រះមហាក្សត្រឲ្យបានយូរតទៅទៀត ដោយការធ្វើសក្ការបូជាចំពោះទេវរូប និងព្រះរតនត្រ័យ។ ចាប់តាំងពីរជ្ជកាលព្រះករុណាព្រះបាទស៊ីសុវត្ថិរៀងមក ក្នុងឱកាសនោះពួកនាម៉ឺនសព្វមុខមន្ត្រី ចូលទៅក្រាបបង្គំគាល់ និងទទួលទឹកសម្បថផង។ កាលមុនរជ្ជកាលនេះពួកនាម៉ឺនខ្ញុំរាជការត្រូវធ្វើកិច្ចទទួលទឹកសម្បថដល់ទៅពីរដងក្នុងមួយឆ្នាំ គឺនៅខែចេត្រម្តងនៅខែភទ្របទម្ដង។

  ក្នុងថេរ:វេលាបុណ្យប៉ុន្មានថ្ងៃនោះ ពួកនាម៉ឺនសព្វមុខមន្ត្រី តាំងរបស់ផ្សេងៗយ៉ាងត្រកាលតាមថែវនៅក្នុងព្រះបរមរាជវាំង ទើបបុណ្យចម្រើនព្រះវស្សានេះក្លាយទៅជាហៅថាបុណ្យ” តាំងត” ទៅវិញ ។

  ដល់មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពិធីចម្រើនព្រះជន្មវស្សា ត្រូវនឹងថ្ងៃ ១១ កើតខែ កត្តិក គឺសឹងតែនៅថ្ងៃជាមួយគ្នានឹងបុណ្យអុំទូក។ នៅឱកាសនោះមានការតាំងផលិតផលដែលកើតក្នុងព្រះរាជាណាចក្រកម្ពុជា ជំនួសការតាំងតុ ដែលជាទំនៀមតាំងពីបុរាណកាលមក។ ឯការកម្សាន្តផ្សេងៗដូចជា ល្បែងរបាំនិងការអុជកាំជ្រួច រន្ទាភ្ញី ទៀនក៏មានជាបរិវារបុណ្យដូចសម័យមុនដែរ។

  នៅថ្ងៃចូលបុណ្យ ព្រះករុណាទ្រង់ប្រារព្ធអុជទៀនធ្វើអំពីក្រមួនសុទ្ធ ហើយមានទម្ងន់ដល់ទៅ ៧គីឡូក្រាម ។ ទៀនជ័យនេះទំហំមាត់មួយទឹកកម្ពស់ ១ ម៉ែត្រមានជើងឈើទ្រពីក្រោមតម្កល់ក្នុងហបុស្បុកមួយមានកំពូលស្រួច។  នៅពេលដែលព្រះករុណាទ្រង់ប្រារព្ធអុជទៀនជ័យ សម្ដេចព្រះសង្ឃរាជទ្រង់និមន្តទៅគង់ចាំព្រះរាជានៅពីមុខបុស្បុក។  ព្រះករុណាទ្រង់យាងចេញមកថ្វាយបង្គំសម្ដេចព្រះសង្ឃរាជរួចទើបរាជបម្រើថ្វាយទៀនតម្កល់ពានមាស  ព្រះករុណាទ្រង់យកទៀននោះទៅអុជទៀនជ័។ ទ្រង់សម្រឹងស្មារតី នឹកដល់បារមីព្រះពុទ្ធអង្គព្រមទាំងសូមឱ្យតេជានុភាពមានដល់ព្រះអង្គផង។

  នៅទីដទៃទៀតគេ យកទៀនទៅបន្តភ្លើងនោះទៅប្រទីនប្រេងកាតដើម្បីនឹងចម្លងភ្លើងនោះទៅទៀនជ័យបានពេលណាដែលជួនជាទៀនជ័យនោះរលត់។ តាមទំនៀមក្នុងព្រះបរមរាជវាំងថា បើកាលណាទៀតនេះនៅឆេះព្រះករុណាពុំយាងចេញចោលព្រះបរមរាជវាំងឡើយ។ 

  បន្ទាប់មកនោះ ព្រះសង្ឃនិមន្តចម្រើនព្រះបរិត្តរួចពួកនាម៉ឺនសព្វមុខមន្ត្រី ក្រាបថ្វាយបង្គំគាល់ព្រះរាជានិងអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងថ្វាយទេវតា។(តពីលេខមុន)


ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖