ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! ឈានចូលដល់ថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឈានចូលដល់ថ្ងៃទី២ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំនឹងស្តាប់របាយការណ៍ និងបទបង្ហាញពីក្រុមពិភាក្សាទាំង៣ ព្រមទាំងធ្វើការអនុម័តលើរបៀបវារៈមួយចំនួនបន្តទៀត។ បន្ទាប់ពីទទួលបានការចែករំលែក ផ្លាស់ប្តូរ យោបល់យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់កាលពីមិ្សលមិញ តំណាងក្រុមកិច្ចពិភាក្សាទាំងបីបានឡើងធ្វើបទបង្ហាញពីលទ្ធិផលនៃកិច្ចពិភាក្សារបស់ខ្លួន នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកនេះ ដើម្បីធ្វើការពិនិត្យ និងសម្រេច។

សូមរំឭកឡើងវិញថាប្រធានបទទាំង៣ដែលបានដាក់ចេញឡើង គ្របដណ្តប់លើទិដ្ឋភាពការពង្រឹងរចនាសម្ព័ន្ធ ការកៀរគរសមាជិក និងការជំរុញស្មារតីយុវជនក្នុងបុព្វហេតុជាតិ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីម្សិលមិញបានមានប្រសាសន៍ថា, ក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាលក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចកន្លងមក លើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវគោលនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទេសដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា និងអាចអនុញ្ញាតឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអនុវត្តបាន១០០ភាគរយ។ នេះជាការថ្លែងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ៕

ដោយ ៖ សិលា


ចែករំលែក៖