ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍មកថា យ៉ាងហោចណាស់ក៏មានក្មេងស្រីម្នាក់បានស្លាប់និងមនុស្សពីរនាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងធ្វើឱ្យខ្ទាតចូលក្រោមរថយន្តបណ្តាលឲ្យកិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ និងមនុស្សពីរនាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨-៩ ត្រង់ចំណុចភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី២២ខែមីនាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាBEAT ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ1S-3079 អ្នកបើកបរឈ្មោះ ជា ធារ៉ា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិសម្ដេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី និងមានអ្នករួមដំណើរជាមួយឈ្មោះ ហេង ស្រីគង់ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទង។ ពួកគេបានជិះម៉ូតូពីត្បូងទៅជើង ពេលមកដល់ចំណុចខាងលើបានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ស៊ូ ហ៊ុន ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិឥណ្ឌា ស្នាក់នៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ដែលកំពុងបើកបរស្របទិសគ្នាធ្វើឱ្យម៉ូតូម៉ាកBEAT ដួលចូលក្រោមរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបណ្ដាលឱ្យកិនក្មេងស្រីឈ្មោះជា ធារ៉ាស្លាប់ភ្លាមៗនិងពីរនាក់ទៀតរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ ចំណែកអ្នករងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសពក្មេងស្រីរងគ្រោះបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូទាំងពីរគ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែនដី រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ចន្ទ លីហ្សា