# ពិធីបញ្ចុះសីមា
តាមការពិត បុណ្យបញ្ចុះសីមាមិនត្រូវយកមកពណ៌នានឹងពិធីទ្វាទសមាសផងទេ ព្រោះឆ្នាំណាក៏មានធ្វើពិធីនេះតាមរដូវកាលបានដែរ។ នេះជាពិធីមួយដ៏សំខាន់របស់ខ្មែរផងដោយមានជំនឿថែមទៀតថាបើអ្នកណាបានទៅធ្វើបុណ្យបញ្ចុះសីមាគ្រប់ ៧ វត្ត អ្នកនោះនឹងបានរំដោះកម្មពៀរផងទាំងឡាយមិនខាន។
តាមវិន័យព្រះពុទ្ធសាសនាព្រះវិហារណាដែលពុំទាន់បានបញ្ចុះខណ្ឌសីមាទាំង ៩ ទិសនៅពុំជាក់លាក់ទេ ពុំអាចទុកជាព្រះវិហារដែលពេញលក្ខណៈបានឡើយ។ សីមាដែលជាគោលព្រំដែននៃផ្ទៃដីដ៏ពិសិដ្ឋនេះមាន ៩ គឺសីមា ៨ ដាក់ប្រចាំទិសធំ ៤ និងទិសតូច ៤។ មួយទៀតដាក់នៅក្នុងព្រះវិហារចំពោះព្រះភ័ក្រ្តព្រះជីវ័។ សីមាដែលនៅជាបរិវេណនោះមានឫសមួយដែលត្រូវកប់ទៅក្នុងដី និងសន្លឹកមួយមានសណ្ឋានជាសិលាស្ដម្ភឆ្លាក់ជារូបទេវតាកាន់ផ្កាឈូកប្រណម្យ ហៅថា”ទេពប្រណម” ។ ក្នុងសម័យពុទ្ធកាលនៅពេលបញ្ចុះខណ្ឌសីមានៃព្រះវិហារជាតិពន់ដែលជាព្រះបឋមវិហារ ព្រះឥន្ទ្រាធិរាជទ្រង់បានយាងចុះមកកាន់សីមាកណ្ដាល ស្ថិតនៅកណ្ដាលព្រះវិហារហេតុនេះទើបគេឱ្យឈ្មោះសីមានោះថា” សីមាឥន្ទកិល” ហើយសីមានេះមានឫស តែឬគ្មានសន្លឹកទេ។
ឫសសីមានីមួយៗជាថ្មមួយដុំរាងដូចស៊ុតមាន់ មានទម្ងន់ ៦០ នាឡិ។ តាមវិន័យព្រះពុទ្ធសាសនាដោយគេយកដុំថ្មនោះទៅថ្លឹងទូទម្ងន់ឱ្យស្មើនឹងអំពៅ ៦០នាឡ។ គេត្រូវមើលពេលវេលាឲ្យស្រេចដើម្បីកាត់ឫសសីមាទាំងប្រាំបួននោះឱ្យធ្លាក់ចុះទៅក្នុងរណ្ដៅព្រមគ្នាតែម្ដង។
តាមប្រពៃណី បុណ្យបញ្ចុះសីមាត្រូវធ្វើអស់រយៈពេលបីយប់បីថ្ងៃយ៉ាងតិច ។ នៅឱកាសនោះគេត្រូវនិមន្តព្រះសង្ឃ ២១ អង្គ អំពីវត្តដទៃចំនួន ២១ ដែរ។ ពួកពុទ្ធបរិស័ទក៏នាំគ្នាចូលទៅធ្វើរោងក្រសាលប្រចាំទិសរៀងៗ ខ្លួនដែ។ នៅពេលនោះគេអញ្ជើញអាចារ្យ ៩ រូបអំពីវត្តផ្សេងៗមកកាន់រោងទិសដើម្បីធ្វើសក្ការបូជានិងបំពេញកិច្ចជាទំនៀមផ្សេងៗតាមរោងរបស់ខ្លួនមានរានទេព្តាប្រចាំទិសជាដើម។
អាចារ្យណាដែលបានចាប់ស្លាកទៅត្រូវបានរក្សារោងពិធីកណ្ដាល អាចារ្យនោះត្រូវមើលការខុសត្រូវរានព្រះយមរាជដែលជាស្ដេចនរកហើយត្រូវទទួលភារៈជាអ្នកដឹកនាំពិធីទាំងពួងក្នុងបុណ្យនោះផង។ ចំពោះពិធីបុណ្យនេះ យើងសុំជូនសេចក្តីអធិប្បាយចំពោះតែត្រង់គោលសំខាន់ៗ ទេ។
បុណ្យបញ្ចុះសីមាចាប់ធ្វើជាធម្មតានៅពេលរសៀល។ ពួកទាយក ទាយិកា នាំគ្នាយកទឹកអប់មាសសន្លឹកទៅស្រោចបិទស្រោកលើឫសសីមាដែលគេដាក់ផ្ដុំគ្នានៅកណ្ដាលព្រះវិហារ រួចនាំគ្នាសែងឬហែប្រទក្សិណ ៣ជុំទើបនាំចូលទៅដាក់នៅកន្លែងដើមវិញ។ បន្ទាប់មកគេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម្មទេសនារហូតដល់អធ្រាត្រ។
ព្រឹកថ្ងៃទី២ ទាយក ទាយិកា វេរភត្តប្រគេនព្រះសង្ឃដល់រសៀលព្រះសង្ឃចម្រើនព្រះបរិត្តនិងសំដែងធម្មទេសនាចាប់ពីពាក់កណ្ដាលអធ្រាត្រទៅទើបគេធ្វើអភិសេគព្រះពុទ្ធរូបដល់ទៀបភ្លឺគេធ្វើព្រះអង្គផ្ចាញ់មារជាការស្រេច។
ព្រឹកថ្ងៃទី ៣ ជាថៃ្ងដែលគេត្រូវរៀបចំរណ្ដៅដើម្បីនឹងទទួលឫសសីមា។ ជាធម្មតារណ្តៅនោះមានទទឹងមាត់មួយម៉ែត្រនិងជម្រៅមួយម៉ែត្រដែរ តែរណ្ដៅសីមាត្រូវធំជាងគេ គឺមានទំហំទទឹងមាត់មួយម៉ែត្រកន្លះ បួនជ្រុងនិងជម្រៅ ២ ម៉ែត្រកន្លះ ។ ពួកឧបាសក ឧបាសិកា និងអ្នកស្រុកនាំគ្នាយករបស់ផ្សេងៗទៅបង់បូជាក្នុងរណ្ដៅទាំងនោះជាពិសេសក្នុងរណ្ដៅសីមាកិលខ្លះដាក់មាស ដាក់ប្រាក់ ដាក់របស់ផ្សេងៗ ដាក់សក់ ឬអារសាច់សម្រក់ឈាមដាក់ ក៏មានតាមសេចក្តីប្រាថ្នាចង់ឲ្យមានទ្រព្យសម្បត្តិចង់ឱ្យចេះនូវវិជ្ជាផ្សេងៗចង់ឱ្យមានរូបសម្បត្តិដ៏ប្រសើរ ទៅអនាគត។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត