មន្ត្រីការទូតអាមេរិកប្រចាំនៅតៃវ៉ាន់បានឱ្យដឹងថា សម្ពាធ ការទូតនិងយោធារបស់ចិនចំពោះកោះតៃវ៉ាន់ គឺជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ។ ក្នុងពេលនេះអាមេរិកបានសន្យាជួយកោះតៃវ៉ាន់បង្កើនសកម្មភាពការពារ។
សកម្មភាពខាងលើរបស់អាមេរិក គឺធ្វើឡើងក្រោយពេលដែលរុស្ស៊ីកំពុងតែវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាប្រទេសអតីតសហភាពសូវៀត។ ការណ៍ដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន គឺដោយសារតែមិនមានការធានាសន្តិសុខបានល្អពីអាមេរិកនិងបណ្តាប្រទេសលោកខាងលិច។
មានប្រសាសន៍នៅក្នុងមន្ទីរពាណិជ្ជកម្មអាមេរិកនៅកោះតៃវ៉ាន់កាលពីល្ងាចថ្ងៃទី៣០ខែមីនា លោកស្រី Sandra Oudkirk បានបញ្ជាក់ថា អាមេរិកប្ដេជ្ញាចិត្តជួយដល់ដែនកោះមួយនេះឱ្យមានសមត្ថភាពការពារខ្លួនឯង។
លោកស្រី Sandra Oudkirk ជានាយកវិទ្យាស្ថានអាមេរិកាំង American Institute ប្រចាំកោះតៃវ៉ាន់បានធ្វើការកត់សម្គាល់ បែបនេះនៅឯព្រឹត្តិការណ៍មួយរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិក ក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោកស្រីបានបន្ថែមដូច្នេះថា «សាធារណរដ្ឋប្រជាមានិតចិននៅតែបន្តបង្កើនការដាក់សម្ពាធយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ហើយសម្ពាធទាំងនេះមិនមែនមានត្រឹមតែលើតៃវ៉ាន់ប៉ុណ្ណោះទេ សកម្មភាពយោធារបស់ចិននៅក្បែរតៃវ៉ាន់ក៏បាននិងកំពុងបង្កអស្ថិរភាព, ហានិភ័យ និងបំផ្លាញសន្តិភាព ព្រមទាំងសណ្ដាប់ធ្នាប់ក្នុងតំបន់ផងដែរ»។
សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ តែទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យដែនកោះមួយនេះដែលចិនចាត់ទុកថាត្រឹមតែជាខេត្តមួយរបស់ខ្លួន ហើយបានព្រមានថានឹងប្រើកម្លាំងយោធាភ្លាមៗនៅក្នុងករណីចាំបាច់៕
ដោយ៖ ធីរីណា(រូបថត ៖ Internet)