ព័ត៌មានទាន់ហេតុការណ៍៖

ដោយបារម្ភខ្លាចសង្គ្រាមបរមាណូកើតឡើង ស្វីសបង្ហាញរូងក្រោមដីសម្រាប់លាក់ខ្លួន

ចែករំលែក៖

សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន បានបង្កឱ្យមានក្តីបារម្ភពីការប្រើប្រាស់អាវុធបរមាណូនៅក្នុងតំបន់អឺរ៉ុប ។ ក្នុងពេលនេះប្រទេសជាច្រើនបានដំណើរការ«លេណដ្ឋាន»( boongke ) នៅក្រោមដីសម្រាប់លាក់ខ្លួនពេលមានសង្គ្រាមបរមាណូកើតឡើង។
ក្នុងពេលនេះដែរ ប្រទេស្វីសបានបង្ហាញពីលេណដ្ឋានរបស់ខ្លួននៅក្រោមដីដែលបានសាងសង់ឡើងតាំងពីសង្គ្រាមលោកលើកទីពីរ ។ ការបង្ហាញលេណដ្ឋាននាពេលនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋខណៈដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែតានតឹងអាចឈានដល់ការប្រើប្រាស់អាវុធបរមាណូ ។ ការបង្ហាញលេណដ្ឋាននាពេលនេះ គឺជាការប្រកាសដល់ពលរដ្ឋថា កន្លែងលាក់ខ្លួនបានដំណើរការវិញហើយ ដោយពលរដ្ឋអាចទៅលាក់ខ្លួនបានពេលមានសង្គ្រាមបរមាណូ។
យុទ្ធនាការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ធ្វើឱ្យពលរដ្ឋស្វីសចាប់អារម្មណ៍ជាថ្មីទៅលើទីតាំងលាក់ខ្លួននៅក្រោមដីដែលបានសាងសង់ឡើងតាំងពីសង្គ្រាមលោកលើកទីពីរ ។ ការប្រកាសបើកលេណដ្ឋានរបស់ស្វីសកើតឡើងក្រោយពេលដែលប្រធានាធិបតីរុស្ស៊ីលោកពូទីនបាន
បញ្ជាឱ្យកម្លាំងបរមាណូត្រៀមលក្ខណៈរង់ចាំបទបញ្ជា។
ចំពោះការបារម្ភពីពលរដ្ឋស្វីសបានប្រកាសពីទីតាំងដែលពលរដ្ឋអាចទៅលាក់ខ្លួនបានក្នុងពេលមានសង្គ្រាមទ្រង់ទ្រាយធំ គឺសង្គ្រាមបរមាណូ ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវដល់ពលរដ្ឋរក្សាស្បៀងអាហារជាប្រចាំ ដែលអាចប្រើប្រាស់បានយ៉ាងតិចក៏១សប្តាហ៍ ដែរ។
ស្វីសមានពលរដ្ឋជាង៨,៦លាននាក់ ហើយមានលេណដ្ឋាន សម្រាប់លាក់ខ្លួនដល់ទៅ ៣៦៥ពាន់លេណដ្ឋាននៅទូទាំងប្រទេសទាំងសាធារណៈនិងឯកជន៕

ដោយ៖ ធីរីណា


ចែករំលែក៖