ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងការពារការសម្រេចរក្សាការចរចាជាមួយប្រធានាធិបតីពូទីន

ចែករំលែក៖

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធានាធិបតីម៉ាក្រុង បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីដល់ទៅ៩លើក។ លោកម៉ាក្រុងបង្ហាញការជឿជាក់ថា គោលនយោបាយពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្សី គឺជាសកម្មភាពត្រឹមត្រូវបំផុត។
លោកម៉ាក្រុងបញ្ជាក់ថា នេះជាជំហានចាំបាច់បំផុតដើម្បីកសាងទម្រង់សន្តិសុខថ្មីនៅតំបន់អឺរ៉ុប ។ លោកម៉ាក្រុងបានលើកឡើងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីពូទីនជាលើកដំបូង ក្នុងខែឧសភាឆ្នាំ២០១៧។
ក្នុងពេលនេះដែរ ប្រធានាធិបតីបារាំង លោកម៉ាក្រុងកំពុងតែបង្កើនឥទ្ធិពលនៅក្នុងប្រទេសខណៈការបោះឆ្នោតជិតមកដល់ ។ នៅក្នុងការស្ទង់មតិនាពេលកន្លងមក លោកម៉ាក្រុង បាននាំមុខទៅលើបេក្ខភាពសំខាន់ៗ។
ការស្ទង់មតិថ្មីមួយបានបង្ហាញថាប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង អាចនឹងយកជ័យជម្នះសាជាថ្មីលើលោកស្រី ម៉ារីន ឡឺ ពែន (Marine Le Pen) នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែមេសានេះ បើទោះជាលោកស្រីកំពុងមានសន្ទុះគាំទ្រខ្លាំងក្នុង រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក៏ដោយ។
បើតាមការស្ទង់មតិថ្មីខាងលើដែលធ្វើឡើងដោយស្ថាប័ន (Ipsos Sopra Steria Cevipof) ចុះផ្សាយលើកាសែតបារាំង Le Monde លោកម៉ាក្រុងនឹងទទួលបានសំឡេងគាំទ្រ ២៦.៥ភាគរយ ខណៈលោកស្រី ឡឺ ពែន នឹងទទួលបានសំឡេងគាំទ្រ២១.៥ភាគរយ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសានេះ។
ការស្ទង់មតិដដែលក៏បានឱ្យដឹងដែរថា លោកម៉ាក្រុងនៅតែអាចផ្ដួលលោកស្រី ឡឺពែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសានេះ ដោយនឹងទទួលបានសំឡេងគាំទ្រ ៥៤ភាគរយ ទលនឹង៤៦ភាគរយ៕

ដោយ៖ ធីរីណា(រូបថត​ ៖ TASS)


ចែករំលែក៖