ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថាគ.ជ.ប.ជ ប្រារព្ធនៅសាលវិទ្យាស្ថានជាតិអប់រំ ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថានទូតនានា ប្រចាំកម្ពុជា អង្គការសង្គមស៊ីវិល អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

ជាកិច្ចចាប់ផ្ដើម លោកស្រី​ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានគូសបញ្ជាក់ថាឆ្នាំ២០២១ កម្ពុជាបានឆ្លងកាត់ការបិទខ្ទប់ព្រំដែន និងការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់ដោយជំងឺកូវីដ-១៩ ក្នុងពេលមានការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងពលករទេសន្តរប្រវេសន៍ ដោយគំហុក ។

លោកស្រី​ បានបន្ដថា ឆ្នាំ២០២១ គ.ជ.ប.ជ បានបង្កើនការចំណាយទៅលើវិស័យសង្គមកិច្ច ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីវិបត្តិ ដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដូចជាការអប់រំផ្សព្វផ្សាយ ការគាំទ្រជីវភាពប្រជាពលរដ្ឋខ្វះខាត កម្មករកម្មការិនីដែលបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកូនតូចក្រោមអាយុ ២ឆ្នាំ ការឧបត្ថម្ភ និងផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គាំទ្រ និងឧបត្ថម្ភគ្រួសារ ដែលមានអ្នកឆ្លង ឬមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាដើម ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានថ្លែងអំណរគុណបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា បានយ៉ាងសកម្មជាមួយសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់នៅកម្ពុជា ខិតខំប្រឹងប្រែងធ្វើសកម្មភាពព្រមៗគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយទទួលបានលទ្ធផលល្អច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ។

សម្ដេចក្រឡាហោម ក៏បានសម្តែងក្តីរីករាយចំពោះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅប្រទេសកម្ពុជា ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ ក្នុងនោះការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការអនុវត្តនិតីវិធីតាមផ្លូវតុលាការ ការកាត់សេចក្ដីដើម្បីផ្តន្ទាទោស ជនល្មើសពាក់ព័ន្ធជួញដូរមនុស្ស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ។ 

សម្ដេចក៏បន្ថែមថាជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដែលមានទាំងសកម្មភាពបង្ការទប់ស្កាត់ ការបង្ក្រាប ការសង្គ្រោះ និងកិច្ចការពារជនរងគ្រោះ ការផ្តន្ទាទោស និងកិច្ចសហការដ៏ទូលំទូលាយ ពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់អន្តរជាតិ ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍លើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូក្នុងស្រុក និងអន្តរជាតិសូមបន្តសហការគ្នា ដើម្បីបន្តរិះរកនូវវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ បង្ការ បង្ក្រាប ផ្តន្ទាទោស   សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងរួមចំណែកក្នុងការ រក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម និងកាត់បន្ថយឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ លើមនុស្ស គ្រប់ភេទ គ្រប់វ័យ ជាពិសេសស្រ្តី កុមារ និងយុវវ័យ ៕

ដោយ​៖សហការី​


ចែករំលែក៖