ព័ត៌មានទាន់ហេតុការណ៍៖

ហុងគ្រីប្រតិកម្មចំពោះអ៊ុយក្រែន ៖ នេះមិនមែនជាសង្គ្រាមរបស់យើងខ្ញុំឡើយ

ចែករំលែក៖

ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន ក្នុងពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅពេលថ្មីៗនេះបានលើកឡើងថា ប្រទេសហុងគ្រីត្រូវតែជ្រើសរើស រវាងរុស្ស៊ី នឹងភាគីម្ខាងទៀត ។ ភ្លាមៗនោះទីក្រុង Budapest ក៏បានប្រតិកម្មភ្លាមៗនោះដែរ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតី Zelensky ដែលចាត់ទុកថា ទីក្រុង Budapest ខ្វះការគាំទ្រប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសហុគ្រីបានបញ្ជាក់ថា «អ៊ុយក្រែនចាំបាច់ត្រូវតែបញ្ចប់រាល់សកម្មភាពប៉ះពាល់ដល់ប្រទេសហុងគ្រី។ នេះមិនមែនជាសង្គ្រាមរបស់យើងខ្ញុំឡើយ ដូច្នេះយើងចាំបាច់ត្រូវតែចៀសឆ្ងាយពីសង្គ្រាមទាំងនោះ»។
រដ្ឋមន្ត្រីការបរទេសហុងគ្រីបានបញ្ជាក់ថា ពេលថ្មីៗនេះប្រធានាធិបតីពូទីនបានទូរស័ព្ទជូនពរនាយករដ្ឋមន្ត្រី Viktor Orban ដែលគណបក្សកាន់អំណាចទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ខែមេសា។ នៅក្នុងជំនួបពិភាក្សា លោក Viktor Orban បានជំរុញឱ្យរុស្ស៊ីអនុវត្តបទឈប់បាញ់ និងចូលរួមកិច្ចប្រជុំជាមួយប្រមុខដឹកនាំបារាំង អាល្លឺម៉ង់ អ៊ុយក្រែន ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។
កន្លងមក នាយករដ្ឋមន្ត្រី Viktor Orban ធ្លាប់បានលើកឡើងថា ប្រទេសរបស់លោកគាំទ្រសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មរុស្ស៊ី ប៉ុន្តែការដាក់ទណ្ឌកម្មលើវិស័យថាមពល គឺជា «បន្ទាត់ក្រហម»៕

ដោយ៖ ធីរីណា(រូបភាព​: EPA)


ចែករំលែក៖