ព័ត៌មានទាន់ហេតុការណ៍៖

តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុ បច្ច័យ​ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ដែលនឹងឈាននមកដល់ក្នុងពេលឆាប់ៗនេះ នៅថ្ងៃអាទិត្យ ទី​ ១០ ខែមេសា​ ឆ្នាំ​២០២២នេះ​ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុ បច្ច័យ​ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)​ ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ស្ថិតក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត​ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃ​គ្រប់ព្រះអង្គ។ ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត​ បានមានប្រសាសន៍ថា «វត្តក្រពេីហា​ មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ​ ថែមទាំងជាថ្នាល​បណ្តុះបណ្តាល​ដល់សាមណសង្ឃទាំងអស់​ ជាពិសេសបានជ្រួតជ្រាប​ យល់ដឹង​ និងផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព​ និងការអភិវឌ្ឍប្រទេសជាតិផង»។ 

ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ព្រះរាជាគណៈកិត្តិយស​ ព្រះលេខាធិការគណខេត្តកណ្តាល​ នាយកពុទ្ធិកវិទ្យាល័យប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ក្រពើហា​ និងជាព្រះចៅអធិការវត្តប្រជុំនទី​ (ហៅក្រពេីហា) បានថ្លែងអំណរគុណ​ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ពីសុខុមាលភាពរបស់ព្រះសង្ឃ​ និងតែងតែលើកទឹកចិត្ត​ ចូលរួមចំណែក​លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការ​រីកចម្រើន​ ហេីយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត​ក្រពេីហា ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជា​នៅពុទ្ធកវិទ្យាល័យ​​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្រពេីហា​ ចំនួន​ ៣១៤អង្គផងដែរ។ 

ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងកោតសរសេីរចំពោះ​ សម្តេចតេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានការដឹកនាំដ៏ឈ្លាសវៃ​ ប្រកបដោយគតិបណ្ឌិត​ មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩​ ជាពិសេស​ យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស​ ក៏ដូចជាព្រះសង្ឃទាំងអស់​ ដែលនេះគឺជាទេយ្យទានដ៏មានតម្លៃសម្រាប់ព្រះសង្ឃគ្រប់រូបឱ្យចាកផុតពីគ្រោះថ្នាក់នៃជំងឺរាតត្បាតមួយនេះ។ 

ជាមួយគ្នានេះ​ ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ក៏បានជូនពរសព្ទសាធុការដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ព្រមទាំងបុត្រាបុត្រី​ ចៅប្រុសចៅស្រី​ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ដេីម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា​ ឱ្យរក្សាបាននូវភាព​សុខដុមរមនា​ សន្តិភាព​ និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។ 

ទន្ទឹមនឹងនេះ​ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ​ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ព្រមទាំង​វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង​ និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ។ 

សូមបញ្ជាក់ថា​ សម្រាប់វត្តក្រពេីហា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តែងតែចាត់ឱ្យសហការីនាំយកទេយ្យទាន​ និងបច្ច័យ​ មកប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ​ ហេីយដែល​ថ្ងៃនេះ​បានប្រគេន បច្ច័យចំនួន​ ១០លានរៀល​ និងទេយ្យវត្ថុរួមមាន​ អង្ករ​ ១តោន,​ មី​ ២០កេស,​ ត្រីខ​ ២កេសធំ​, ទឹកស៊ីអ៊ីវ​ ១០ឡូ,​ ទឹកត្រី​ ១០ឡូ,​ ទឹកក្រូច​ ៥កេស​,​ ទឹកត្រឡាច​ ៥កេស,​ ទឹកគូលេន​ ៥កេស,​ ទឹកសណ្តែក​ ៥កេស,​ មៀនកំប៉ុង​ ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស,​ ទឹកដោះគោខាប់​ ២កេស,​ អូរវ៉ាន់ទីន​ ២កេស,​ តែ​ ៥គីឡូក្រាម​,​ ស្ករស​ ១០គីឡូក្រាម,​​ ត្រីងៀត​ ១០គីឡូក្រាម​,​ សាច់ក្រក​ ១០គីឡូក្រាម​,​ ម៉ាស់​ ២កេស,​ ជែលលាងដៃ​ ៥កេស​ និងអាល់កុល​ ២កាន​។ ប្រគេនព្រះចៅអធិការវត្ត​ នូវ​ សាដក​ ១​ និងបច្ច័យ​ ២លានរៀល​។ ប្រគេន​ព្រះសង្ឃ​ ៤អង្គ​ ក្នុងមួយអង្គៗ​ សាដក១​ និងបច្ច័យ​ ២០ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖