ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តឡិចសុីសRX350 ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងនៅផ្លូវជាតិលេខ១រងការខូចខាតយ៉ាងខ្លាំង

ចែករំលែក៖

     ភ្នំពេញ ៖ រថយន្តឡិចសុីសRX350មួយគ្រឿង ដែលបើកបរដោយនារីម្នាក់មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបណ្ដាលឱ្យរថយន្តដាច់កាឡេនិងបែកកង់ទៅមុខលែងរួច តែសំណាងដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តនិរោធរង្សី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុនោះគឺ រថយន្តបង្កម៉ាកឡិចសុីស RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-8461បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវនិងផ្លោងទៅបុកបង្គោលភ្លើងបន្ថែមរងការខូចខាតតិចតួច រីឯរថយន្តបង្កហេតុបានដាច់កាឡេ និងបែកកង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

     ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គេសង្កេតឃើញមានការកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ តែក្រោយមកបានធូរស្រាលឡើងវិញបន្ទាប់ពីសមត្ថកិច្ចចុះមកសម្រួលចរាចរណ៍ ។ ដោយឡែករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យម្ចាស់ហៅេថយន្តស្ទួចមកស្ទូចយកទៅជួសជុលដោយខ្លួនឯងក្រោយពីពិនិត្យឃើញថាមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋធ្ងន់ធ្ងរ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖