ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករុឺម៉កអេតចាយពីក្រោយបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

      ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកPCXយ៉ាងលឿនជ្រុលទៅបុករុឺម៉កអេតចាយពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូអូសជាច្រើនម៉ែត្ររងរបួសធ្ងន់ធ្ងរ និងដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

     ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកPCX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1IH-9411 តែម្នាក់ឯង។

     បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់ឃើញ២នាក់ប្តីប្រពន្ធបានឈប់រុឺម៉កម៉ូតូដឹកអេតចាយនៅលើផ្លូវ៦០ម៉ែត្រត្រង់ចំណុចកើតហេតុ រួចចុះទៅដងទឹកដាក់ម៉ូតូ ពេលនោះស្រាប់តែមានបុរសដែលជាជនរងគ្រោះខាងលើជិះម៉ូតូPCXយ៉ាងលឿនតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ហើយក៏ជ្រុលទៅបុកចំពីខាងក្រោយរុឺម៉កដែកដឹកអេតចាយបណ្ដាលឱ្យដួលម៉ូតូបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ចំណែកម៉ូតូខ្ទាតអូសឆ្ងាយពីកន្លែងកើតហេតុចំនួន៧៦ម៉ែត្រ ហើយភ្លាមៗនោះពីរនាក់ប្ដីប្រពន្ធជាម្ចាស់រុឺម៉កពេលឃើញសភាពការណ៍មិនស្រួលក៏ប្រញាប់ប្រញាល់បើករុឺម៉កម៉ូតូចេញទៅទិសខាងត្បូងបាត់ស្រមោលទៅ។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយក។ ចំណែកសពនៅក្នុងមន្ទីរពេទ្យម្លិះដង្កោ ក៏រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖