ភ្នំពេញ ៖ នាថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ វិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថា, លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា គឺអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នា ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្ដី ព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា