ព័ត៌មានទាន់ហេតុការណ៍៖

កុមារាម្នាក់ស្លាប់និងមនុស្ស២នាក់ទៀតរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្ដាល៖ កុមារាម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យ រីឯមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧និង៥៦នាទី នៅលើផ្លូវជាតិលេខ៦​ត្រង់ចន្លោះគីឡូមែត្រលេខ២៣-២៤ ត្រង់ចំណុចភូមិលើ​ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

     មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះខាងម៉ូតូមានគ្នា៣នាក់ ទី១-ឈ្មោះផាន ចិន ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រឺមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1AE-5956, ទី២-ឈ្មោះ ធឿន ប្រុសប៉ម ភេទប្រុស អាយុ០៨ឆ្នាំ ស្លាប់បាត់​បង់ជីវិត,​ទី៣-ឈ្មោះ ធឿន ស្រីនាង ភេទស្រីអាយុ០៤ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ខាងលើមានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។  ចំណែកភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ​  ពាក់ស្លាកលេខកណ្ដាល2A-8754 អ្នកបើកបរបានរត់គេចខ្លួនបាត់​ស្រមោល។ 

   ប្រភព​ដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើត​ហេតុ​ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយខាងលើដែលបើកស្របទិសគ្នាបានមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញមួយទំហឹង  បណ្ដាលឱ្យរបួសធ្ងន់២នាក់ និងម្នាក់ទៀតរបួសស្រាល។ 

   ក្រោយមានហេតុការណ៍កើតឡើង​ ជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ​ តែជាអកុសលជនរងគ្រោះ

ឈ្មោះធឿន ប្រុសប៉ម បានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ​។ 

     ចំពោះករ​ណីខាងលើនេះ​ កម្លាំងជំនាញធ្វើការពិនិត្យវាស់វែង និងកសាងសំណុំរឿងដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖