ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។
រាជរដ្ឋាភិបាលសម្រេច :
ប្រការ១.…ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលមានសមាសភាពដូចខាងក្រោម៖
១-លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន
២-នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ។ និយាយរួមអនប្រធាន៥រូប និងសមាជិក ៧រូប។
បការ២..….គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប មានភារកិច្ច
ដូចតទៅ៖
– រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ
– អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ
– ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន
– រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់
– ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាពខេត្ត
ជុំវិញបឹងទន្លេសាប
– ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
– ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។
ប្រការ៣.,.អនុប្រធាន និងសមាជិកគណៈកម្មការត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការ។ ក្នុងករណី ប្រធានគណៈកម្មការអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដើម្បីដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការបាន។
ប្រការ៤…គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួងនេះ។
ប្រការ៥…គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បី បំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់។
ប្រការ៦.…គណៈកម្មការនេះមានសិទ្ធិប្រើត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រការ៧……ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការត្រូវប្រើប្រាស់ថវិការបស់ក្រសួង ស្ថាប័នសាមីរៀងៗខ្លួន នៅក្នុងការចុះបំពេញបេសកកម្មការងារ និងចាត់ចែងកិច្ចការផ្សេងៗរបស់គណៈកម្មការ។
ប្រការ៨…សេចក្តីសម្រេចលេខ១២៨ សសរ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនិង បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៩.…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា