ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ។
សូមជម្រាបជូនថា, សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋាន អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ»។ ទន្ទឹមគ្នានេះ អាជ្ញាធរ ក៏ត្រូវបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងការបែងចែកក្រុម បក្ខពួក ឬនិន្នាការនយោបាយ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធឱ្យមានការខិតខំឱ្យបានកាន់តែច្រើនថែមទៀតដល់ការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលចាត់ទុកថាជាគោលនយោបាយមួយដែលផ្សារភ្ជាប់ នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម ក៏បានលើកឡើងផងដែរថា តួរអង្គសំខាន់ៗ ដើម្បីធ្វើឱ្យភូមិ ឃុំមានសុវត្ថិភាព គឺជាកម្លាំងសមត្ថកិច្ច មន្ត្រីប៉ុស្តិ៍នគរបាល ប្រជាការពារដែលត្រូវតែបន្តប្រឹងប្រែងធ្វើការហ្វឹកហាត់ ស្វែងរកការឧបត្ថម្ភគាំទ្រ ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា បន្ទាប់ពីមានការចូលរួមពីកម្លាំងសមត្ថកិច្ចហើយនោះ យើងក៏ត្រូវការ ការចូលរួមផងដែរពីសំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីសេចក្តីសុខទាំងអស់គ្នា យ៉ាងហោចណាស់ក៏បានចូលរួមផ្តល់ជាព័ត៌មានពីមុខសញ្ញាអ្នកជួញដូរ នឹងចែកចាយគ្រឿងញៀនដែរ៕
ដោយ៖ សិលា