ក្រុមបិសាចក្រហម Manchester United បានរងការបរាជ័យផ្ទួនៗគ្នា២ប្រកួតយ៉ាងធ្ងន់ក ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ ដោយចាញ់ Liverpool ៤ទល់០កាលពីថ្ងៃទី២០ និងបន្តចាញ់ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ៣ទល់១ កាលពីរាត្រីថ្ងៃទី២៣ ខែមេសា ម្សិលមិញនេះ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៣៤។
ការប្រកួតបើឆាកនៅតង់ទី១ មិនទាន់បាន៣នាទីស្រួលបួលផង ក្រុមម្ចាស់ផ្ទះបានសម្រុក ហើយរកបាន១គ្រាប់នាំមុខនៅនាទីទី៣ ដោយកីឡាករ Nuno Tavares។ ការប្រកួតកាន់តែជក់ចិត្តក្រុមម្ចាស់ផ្ទះកាន់តែមានឱកាសគ្រប់គ្រងបាល់បានច្រើន ដោយកីឡាកររបស់ក្រុម បិសាចក្រហម Man Utd ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ អាជ្ញាកណ្តាលឆែកមើល VAR បានផ្តល់បាល់ប៉េណាល់ទី១គ្រាប់ទៀតឲ្យទៅក្រុម Arsenal ដែលស៊ុតដោយខ្សែប្រយុទ្ធ Bukayo Saka នៅនាទីទី៣២។ ប៉ុន្តែនៅនាទីទី៣៤ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo រកបាន១គ្រាប់សងវិញរហូតដល់ចប់ការប្រកួតតង់ទី១។
ចូលដល់ការប្រកួតតង់ទី២ ក្រុមភ្ញៀវ Man Utd បានព្យាយាមសម្រុកទៅលើក្រុមម្ចាស់ផ្ទះយ៉ាងខ្លាំង ហើយនៅនាទីទី៥៧ កីឡាកររបស់ Arsenal បានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ដោយប៉ាល់ប៉ះដៃ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីទៅខាង Man Utd ដែលរ៉ាប់រងស៊ុតដោយខ្សែបម្រើ Bruno Fernandes ប៉ុន្តែបានស៊ុតបុកបង្គោលទីមិនចូលនោះទេ។
ឱកាសឈ្នះរបស់ក្រុមកាំភ្លើងធំកាន់តែមានច្រើន ព្រោះតែការស៊ុតបាល់ប៉េណាល់ទីមិនចូលនេះ ហើយបើទោះបីក្រុម Man Utd ព្យាយាមសម្រុកដោយបានស៊ុតក៏មិនអាចបំប៉ោងសំណាញ់ទីក្រុម Arsenal បានដែរ។ ផ្ទុយទៅវិញនៅនាទីទី៧០ កីឡាករ Xhaka របស់ក្រុមកាំភ្លើងធំបានស៊ុតបាល់យ៉ាងល្អពីតំបន់ដំបូលទូកចំគោលដៅផុតដៃអ្នកចាំទីក្រុម Man Utdចូលទី១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមកាន់តែដុនដាបក្នុងការប្រជែងយកតំណែង Top 4 នៅ Premier League រដូវកាលនេះ ដោយបច្ចុប្បន្នក្រោយពីបរាជ័យនេះបានបន្តឈរចំណាត់ថ្នាក់លេខ៦ មាន៥៤ពិន្ទុក្នុង៣៤ប្រកួត ខណៈដែលក្រុមកាំភ្លើងធំមាន៦០ពិន្ទុក្នុង៣៣ប្រកួតជាមួយនឹងក្រុមមាន់ខ្នាយមាស Tottenham មាន៥៨ពិន្ទុក្រោយពីស្មើជាមួយក្រុមម្ចាស់ផ្ទះ Brentford ០ទល់០។
សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសាខាងមុខនេះ ក្រុមបិសាចក្រហមត្រូវធ្វើការធ្ងន់ជាងនេះ ដោយត្រូវប៉ះក្រុមខ្លាំងតោខៀវ Chelsea បន្តទៀតដែលអាចនឹងកាន់តែពិបាកប្រជែងយកកៅអី Champions League រដូវកាលក្រោយណាស់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)