ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ លោក ខៀវ សំណាង អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ តំណាងឲ្យ លោក ហេង ប៊ុនទី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិ៣ ភូមិ៥ និងភូមិ៦ និងមានការចូលរួមពី លោក សេង នីម ចៅសង្កាត់លេខ៤ ព្រមទាំងក្រុមការងារសង្កាត់ជាច្រើនរូប អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមខ្នងផ្ទះ ស្ថិតក្នុងភូមិ៣ ភូមិ៥ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា, ក្នុងឱកាសនេះដែរ លោកអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ លោក ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ និងលោកជំទាវ មានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែង និងមានជំងឺប្រចាំកាយ ចំនួន ០៦គ្រួសារ។
អំណោយទទួលបានក្នុង ០១គ្រួសារ រួមមាន÷ អង្ករ ចំនួន ០១បាវតូច ស្មើនឹង ២០គីឡូក្រាម, ទឹកក្រូច ០៣កេស, ជេលលាងដៃ ០៣ដប, ម៉ាស់ ០២ប្រអប់, ថវិកា ១០០.០០០រៀល។
ដោយឡែក ប្រជាពលរដ្ឋ ០១គ្រួសារផ្សេងទៀត ទទួលបានថវិកាឧបត្ថម្ភ ចំនួន ៥០.០០០រៀល ៕
ដោយ ៖ សិលា