ព័ត៌មានទាន់ហេតុការណ៍៖

ហួសហេតុ ស្រវឹងស្រារករឿងប្រពន្ធដុតផ្ទះខ្លួនឯងឆេះម៉ត់សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ខណ:ស្រវឹងស្រារករឿងប្រពន្ធហើយដុតផ្ទះខ្លួនឯងឆេះម៉ត់សល់តែផេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣មេសា ឆ្នាំ២០២២នៅចំណុចភូមិអង្គក្តួច  ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ភោគ ភក្តី អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។

ចំណែកផ្ទះដែលត្រូវអគ្គិភ័យបំផ្លាញមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីឆេះអស់ទាំងស្រុង រីឯសម្ភារ:ខូចខាត រួមមាន អង្ករ ២តៅ ខោអាវឆេះខូចខាតទាំងស្រុង និង សម្ភារ:មួយចំនួនដែលមាននៅក្នុងផ្ទះ សំណាងពុំមានរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសសង្ស័យបានផឹកស្រាឡើងស្រវឹងជោគហើយក៏បានរករឿងប្រពន្ធបង្កជាជម្លោះពាក្យសំដីក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលខណៈមានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលស្រែកហៅអ្នកភូមិជួយដងទឹកពន្លត់និងរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់តែអកុសលហួសពេលទៅហើយខណៈភ្លើងឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖