ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ប្រាប់ពីគុណសម្បត្តិកម្ពុជាចំនួន ៥ចំណុចដែលការពារនិងផ្តល់ភាពងាយស្រួល ដល់អ្នកវិនិយោគ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានប្រាប់ទៅក្រុមធុរៈកិច្ចចិនថាប្រទេសកម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់មកបណ្ដាក់ទុន និងថាការវិនិយោគនៅកម្ពុជាគឺធានាបានការការពារ និងផ្ដល់ភាពងាយស្រួលដល់អ្នករកស៊ីទាំងអស់ផងដែរ។

សូមបញ្ជាក់ថា, តំណាងក្រុមហ៊ុនវិនិយោគចំនួនបីដែលដឹកនាំដោយឧកញ៉ា ជិន ស៊ី បានចូលជួបនាយករដ្ឋមន្ត្រីកម្ពុជានាទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ដោយបានជម្រាបសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនទាំង ៣ដែលមានបំណងវិនិយោគនៅកម្ពុជាដែលសុំស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ជាមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួនបីរបស់ចិនដែលដឹកនាំដោយលោកឧកញ៉ា ចិន ស៊ី នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់តំណាងក្រុមហ៊ុនទាំងនោះថាបរិយាកាលវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរដោយសារកត្តា៥ចំណុចដែលរួមមាន សន្ដិភាព ច្បាប់វិនិយោគដែលផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ កម្ពុជាមានប្រព័ន្ធច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលដល់អ្នកវិនិយោគ មិនមានការហាមប្រាមការប្រើប្រាស់រូបិយប័ណ្ណបរទេសក្នុងការបើកប្រាក់ខែដល់បុគ្គលិក និងកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន។

ក្រុមហ៊ុនទាំង៣ដែលចង់មកវិនិយោគនៅកម្ពុជានោះមាន ក្រុមហ៊ុនChina Investment ក្រុមហ៊ុន Easter និងក្រុមគូអាន ដែលក្រុមហ៊ុនទាំងបីនេះធ្វើអាជីវកម្មលើវិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អចលនវត្ថុ សំណង់ ដឹកជញ្ជូន និងពាណិជ្ជកម្មមូលប័ត្រ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនទាំង៣ស្វែងបន្ថែមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីព័ត៌មានលំអិតនៃទិសដៅវិនិយោគនៅកម្ពុជា។ 

សូមជម្រាបជូនថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យវិនិយោគិនចិនមួយក្រុម ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្សី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ ករណីមួយទៀត នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖