តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ លោក Josep Borrell បានលើកឡើងថា រដ្ឋាភិបាលបានកិច្ចពិភាក្សាស្តីពីការបញ្ចប់ទិញថាមពលពីរុស្ស៊ីគឺមិនអាចអនុម័តបាននោះឡើយ ហើយគណៈកម្មការអឺរ៉ុបនឹងបន្តពិភាក្សានៅចុងខែឧសភាឆ្នាំ២០២២ខាងមុខនេះ។
សារព័ត៌មាន Die Welt របស់អាល្លឺម៉ង់ នៅថ្ងៃទី ២៥ខែមេសា បានដកស្រង់ការប្រកាសរបស់លោក Josep Borrellដែលបានលើកឡើងថា អឺរ៉ុបមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីបណ្តាប្រទេសជាសមាជិកទៅលើច្បាប់ដាក់ទណ្ឌកម្ម និងឈប់ទិញប្រេងពីរុស្ស៊ីឡើយ។
សហគមន៍អឺរ៉ុបបានប្រកាសថា តំណាងការទូតបណ្តាប្រទេស សហគមន៍អឺរ៉ុប បានព្រមព្រៀងគ្នា បន្តកិច្ចពិភាក្សានៅចុងខែឧសភាបន្តទៀត ប៉ុន្តែមិនអាចប៉ាន់ស្មានពីលទ្ធផលជាមុននោះឡើយ។ នៅពេលនេះដែរប្រទេសសហគមន៍អឺរ៉ុបបាននិងកំពុងកាត់បន្ថយការអាស្រ័យទៅលើថាមពលរុស្ស៊ី។
វិស័យនាំចេញប្រេងគឺជាប្រភពចំណូលដ៏សំខាន់របស់រុស្ស៊ី។ ដូច្នេះប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបបានអំពាវនាវដល់សហគមន៍អឺរ៉ុបទាំងមូលអនុម័តច្បាប់ឈប់ទិញប្រេងពីរុស្ស៊ី ក្រោយទីក្រុងមូស្គូបញ្ជូនកម្លាំងទាហានវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ៕
ដោយ៖ ធីរីណា(រូបថត ៖ AFP/TTXVN)