ខេត្តកណ្ដាល ៖ រថយន្តដឹកត្រីមួយគ្រឿងបើកបោះពួយយ៉ាងលឿនបណ្ដាលឲ្យរេចង្កូតបោកក្រឡាប់ទៅបុកនឹងបង្គោលភ្លើង បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅចំណុចច្រកចូលបុរីទីក្រុងរណបសិរីមង្គល លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានគ្នា៤នាក់ ទី១-ឈ្មោះ ង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ(រងរបួសធ្ងន់)ជាអ្នកបើកបររថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-9278 , ទី២-ឈ្មោះ យ៉ យុំាងឡិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករួមដំណើរ(របួសធ្ងន់),ទី៣-ឈ្មោះ លី យុំាងបាំង ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នករួមដំណើរ(ស្លាប់បាត់បង់ជីវិត) និងទី៤-ឈ្មោះ ង្វៀង យុំាងឡឺយ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់បាត់បង់ជីវិត) ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-9278 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តក្រឡាប់ចូលប្រឡាយធ្វើឱ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត រីឯ២នាក់ទៀតរងរបួសធ្ងន់ ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធសមត្ថកិច្ចជំនាញបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។ មូលហេតុមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តរេចង្កូតទៅបុកបង្គោលភ្លើងតែម្ដង៕
ដោយ៖ស្អាងជ័យ