ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida កាដូបទចម្រៀងស្វាគមន៍នាយករដ្ឋមន្រ្តីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ “ឥន្ទធនូតភ្ជាប់អនាគត” ជាឈ្មោះបទចម្រៀងមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយរបស់អ្នក​ស្រី​ Minamino Yoko ​ជា​អ្នក​ចម្រៀង​និង​តួសម្ដែង​​ភាពយន្ត​ដ៏ស្រស់ស្អាតនិងល្បី​ល្បាញរបស់ជប៉ុន។ បទចម្រៀងនេះ ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio យកមកទទួលស្វាគមនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅឯពិធីជប់លៀងទ្វេរភាគីនារាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងគូម៉ាម៉ូតូរបស់ប្រទេសជប៉ុន។ អ្នកស្រី Yoko បានថ្លែងថាគាត់មិនអាចបំភ្លេចនូវអនុស្សាវរីយ៍ស្នាមញញឹមរបស់ពលរដ្ឋកម្ពុជាដែលបានដក់ជាប់ក្នុងក្រអៅបេះដូងនៅពេលដែលអ្នកស្រីធ្វើដំណើរមកប្រទេសកម្ពុជាចំនួន២លើកនៅឆ្នាំ១៩៨៩ និងម្តងទៀតនៅឆ្នាំ២០១៣។ ដោយក្តីនឹករលឹកពីចម្ងាយ អ្នកស្រីបានសច្ចាក្នុងចិត្តថាមួយជីវិតនេះត្រូវតែធ្វើអ្វីមួយជាមួយប្រជាជនកម្ពុជា។ ដោយសារតែកត្តានេះហើយ ទើបអ្នកស្រីជាមួយសហការីបាន​​បង្កើតបទចម្រៀង “Rainbow for Tomorrow” (ឥន្ទធនូតភ្ជាប់អនាគត)។ អត្ថន័យនៃបទចម្រៀងទាំងស្រុងត្រូវបានបកប្រែជាភាសាខ្មែរនៅលើវីដេអូនេះស្រាប់ ហើយអត្ថន័យនេះក៏ជាការឆ្លុះបញ្ចាំងនូវរបត់នយោបាយថ្មីមួយរបស់កម្ពុជា (ឆ្នាំ២០២២) ដែលចាប់ផ្តើមងាកកាន់តែខ្លាំងទៅរកជប៉ុនដែលជាឥន្ទធនូតភ្ជាប់ទៅលោកខាងលិច ក្រោយពីកម្ពុជាត្រូវបានគេមើលឃើញថាមានភាពល្អូកល្អឺនរាប់ទសវត្សរ៍មកហើយជាមួយវៀតណាម និងក្រោយមកជាមួយចិន៕

ដោយ ៖ ពុយ គា


ចែករំលែក៖