ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីទីក្រុងសៀងហៃ រដ្ឋធានីប៉េកាំងបានចាប់ផ្តើមធ្វើតេស្តរកកូវីដ-១៩ ទ្រង់ទ្រាយធំ

ចែករំលែក៖

នៅថ្ងៃទី២៦ខែមេសា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចធ្វើតេស្តជាទ្រង់ទ្រាយធំទៅលើពលរដ្ឋដែលរស់នៅក្នុងរដ្ឋធានីនេះ។
សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២បានផ្សាយថា ប្រជាជនចិននៅក្នុងសង្កាត់ដទៃៗទៀតនៃទីក្រុងប៉េកាំង បានឈរតម្រង់ជួរគ្នាដើម្បីទទួលការធ្វើតេស្តរក COVID-19 ខណៈដែលអាជ្ញាធរនៃរដ្ឋធានីរបស់ប្រទេសចិនកំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង ដើម្បីបញ្ចៀសការអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដូចនៅទីក្រុងសៀងហៃ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងប៉េកាំងបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សចំនួន៣.៥លាននាក់ នៅឯសង្កាត់ធំជាងគេរបស់ខ្លួន គឺសង្កាត់ ឆាវយ៉ាង (Chaoyang)។ ក្រោយមក អាជ្ញាធរក៏បានសម្រេចកំណត់ឱ្យសង្កាត់ចំនួន១០ និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយទៀតត្រូវរៀបចំការធ្វើតេស្តដូចគ្នាក្នុងសប្តាហ៍នេះ ដែលគ្របដណ្តប់លើមនុស្សសរុប២០លាននាក់។ ក្នុងចំណោមនោះ១៦លាននាក់ត្រូវចាប់ផ្តើមធ្វើតេស្តនៅថ្ងៃអង្គារនេះតែម្តង។ ទីក្រុងប៉េកាំងទាំងមូល មានប្រជាជនរស់នៅសរុបប្រមាណ ២២លាននាក់។
យោងតាមរបាយការណ៍ចុងក្រោយ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន៣៣នាក់ និងមិនទាន់មានករណីស្លាប់ទេ អំឡុងរលកឆ្លងរាលដាលថ្មីចុងក្រោយនេះ ហើយករណីឆ្លងសរុបវិញ គឺនៅទាបជាងឆ្ងាយ បើប្រៀបធៀបនឹងករណីរាប់សែននៅសៀងហៃ។ ទីក្រុងសៀងហៃដែលមានមនុស្សរស់នៅ២៥លាននាក់ ទើបតែបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួនជាង ១៥,០០០នាក់ ដែលភាគច្រើនជាករណីឆ្លងមិនចេញរោគសញ្ញា និងស្លាប់ថ្មី៥២នាក់ទៀត ខណៈវិធានការបិទខ្ទប់បានបន្តជាង១ខែមកហើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ THX/TTXVN


ចែករំលែក៖