ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ ប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព បានទទួលស្វាគមន៍នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុន ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ មកកាន់កម្ពុជា និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់នូវសន្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្តរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក្នុងការជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ។ ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃតួនាទីរបស់ការរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការយោធាជាមួយគ្រប់បណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផ្ទាល់ នៅក្នុងការចូលរួមចំណែកដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀតថាកងកម្លាំងមួកខៀវកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជាពិសេសការជំរុញឱ្យមានទំនាក់ទំនងជាក់ ស្តែងរវាងកម្លាំងមួកខៀវកម្ពុជា និងជប៉ុន តាមរយៈសកម្មភាពមួយចំនួន ដូចជា៖ ការហ្វឹកហ្វឺនបណ្តុះ បណ្តាលធនធានមនុស្ស, ការចែករំលែកបទពិសោធន៍ និងលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាពរួមគ្នា ជាដើម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន ដែលជាមិត្តដ៏ល្អរហូតមក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការទទួល ស្គាល់ឯករាជ្យ,ការស្វែងរកសន្តិភាព និងដំណើការកសាង និងអភិវឌ្ឍកម្ពុជាក្រោយសម័យសង្គ្រាម។
នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ បានសម្តែងនូវក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះគឺជាការសម្រេចតាមបំណងប្រាថ្នាដែលបានគិតទុកជាយូរមកហើយ និងស្របពេលដែលឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកយ៉ាងសកម្មផងដែរ។ តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះលោក ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណង មិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកង កម្លាំងស្វ័យការពារជប៉ុន លោកក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងកម្លាំងមួកខៀវកម្ពុជា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែល ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យ ការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ៕
ដោយ៖ សូរិយា