បណ្តាញទូរទស្សន៍ CCTV បានផ្សាយថា កម្លាំងជួយសង្គ្រោះបានខិតខំស្វែងរកជនរងគ្រោះកប់ក្រោមគំនរអគារកម្ពស់៦ជាន់ដែលបានបាក់ស្រុតនៅវេលាថ្ងៃត្រង់ថ្ងៃទី ២៩ខែមេសានេះ។ អគារខាងលើមានភោជនីយដ្ឋាន រោងភាពយន្ត។
មកទល់ពេលនេះគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅខាងក្នុងនៅឡើយទេ។
សារព័ត៌មាន AFP បានផ្សាយថា ក្រុមជួយសង្គ្រោះខិតខំប្រជែងនឹងពេលវេលាក្នុងការស្វែងរកអ្នកនៅរស់ជាប់គាំងក្រោមអគារ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា មានធូលីគ្របដណ្តប់ជុំវិញនោះពេលអគារបាក់ស្រុត។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួស ក៏ដូចជាអ្នកជាប់គាំងនៅខាងក្នុងគំនរបាក់បែកនៅឡើយទេ។
សារព័ត៌មាន CCTV បានផ្សាយថា «ក្រុមជួយសង្គ្រោះបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗនោះ ។ ចំនួនអ្នកស្លាប់និងរបួសកំពុងតែសរុបទិន្នន័យ ហើយក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យអគារនេះបាក់ស្រុត។
ការបាក់ស្រុតអគារមិនមែនជារឿងថ្មីឡើយនៅក្នុងប្រទេសចិន។ នៅក្នុងខែមករាឆ្នាំនេះ ការផ្ទុះមួយដែលត្រូវបានគេសង្ស័យថាមានការលេចធ្លាយឧស្ម័នបានធ្វើឱ្យដួលរលំអគារមួយនៅក្នុងទីក្រុង Chongqing ដោយបានសម្លាប់មនុស្សរាប់សិបនាក់៕
ដោយ៖ ធីរីណា(រូបថត ៖ thestar.com.my)