ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារទៅកំពង់ធំ សមត្ថកិច្ចជំនាញមិនបង្ក្រាប ទុកឱកាសឱ្យក្រុមឈ្មួញដឹកជញ្ជូនស្រេចតែចិត្ត

ចែករំលែក៖

ខេត្តព្រះវិហារ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងមកហើយដែលឈ្មួញមុខដដែលៗដឹកជញ្ជូនឈើអារប្រភេទលេខ២ចេញពីស្រុកជ័យសែន និងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាពគគ្រឹកគគ្រេងពុំមានថមថយសោះ ។

   ជាមួយនឹងសកម្មភាពនេះមជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើសមត្ថកិច្ចនិងជំនាញចំៗថាជាអ្នកបណ្តែតបណ្តោយ មិនខ្វល់នឹងទប់ស្កាត់បង្ក្រាប គឺអាចនិយាយបានថា ក្រុមសមត្ថកិច្ចទាំងនោះសុទ្ឋតែជាមិត្តល្អរបស់មេឈ្មួញរកសុីឈើខុសច្បាប់ ។

    តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តថា តាមពិតទៅឈើចេញពីស្រុកតែមួយ គឺស្រុកជ័យសែនដែលក្រុមឈ្មួញបំផុសបំផុលឱ្យប្រជាពលរដ្ឋចូលទៅអារច្រៀកនៅក្នុងតំបន់ព្រៃឡង់ រួចដឹកយកមកទម្លាក់នៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជ័យសែន និងខ្លះទៀតដឹកតាមគោយន្តកន្ត្រៃយកមកទម្លាក់នៅភូមិខ្វាំង ស្រុករវៀង រួចលើកដាក់លើរថយន្តសាំយ៉ុងកែច្នៃដឹកយកទៅលក់ឱ្យដេប៉ូនានាក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការឯកភាពទាំង២ស្រុកនេះអត់រវល់ទប់ស្កាត់និងបង្ក្រាប ។

    ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាល អង្គុយចាំរាប់ក្បាលឡានដឹកឈើយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្ចីធ្វើការបង្ក្រាបនោះទេ ។

   ប្រជាពលរដ្ឋបានលើកឡើងទៀតថា បទល្មើសព្រៃឈើដឹកចេញពីព្រៃឡង់ បើ

មានការទប់ស្កាត់ពីសមត្ថកិច្ចបរិស្ថានព្រៃឡង់ ពិសេសស្នាក់ការបរិស្ថានភ្ញាក់រលឹកស្នាក់ការបរិស្ថានស្រែវាល និងស្នាក់ការបរិស្ថានពើកនោះ បទល្មើសព្រៃឈើមិនអាចកើតមានឡើយ ។

    សូមជម្រាបជូនថា សព្វថ្ងៃនេះមានឈ្មួញរកសុីឈើខុសច្បាប់ដុះស្លែជាច្រើនដូចជា ១-មេឈ្មួញឈ្មោះ ព្រហ្ម វុទ្ឋី ហៅធីម្រេច ល្បីល្បាញរាប់ឆ្នាំមកហើយ, ទី២- ឈ្មោះ បញ្ញា, ទី៣-ឈ្មោះពន្លក, ទី៤- ឈ្មោះ ម៉េត មេឈ្មួញឈ្មោះម៉េតនេះកាលពីឆ្នាំទៅបើកឡានរបស់ខ្លួនបំបុកឡានអ្នកកាសែតម្តងហើយ ហើយអភិបាលខេត្តបានបញ្ជាឱ្យតាមចាប់ខ្លួន តែឈ្មួញរូបនេះបានរត់គេចខ្លួនបាត់១ឆ្នាំ    ឥលូវត្រឡប់មកវិញធ្វើសកម្មភាពដឹកឈើដដែល, ទី៥-ឈ្មោះ ខ្លា មេឈ្មួញឈ្មោះខ្លានេះទើបតែបើករថយន្តដឹកឈើរបស់ខ្លួនកៀររថយន្តអ្នកកាសែតថ្មីៗនេះ ដោយសមត្ថកិច្ចឃុបឃិតគ្នារថយន្តដឹកឈើកៀររថយន្តអ្នកកាសែតត្រូវបានដោះលែងរួមទាំងឈើពេញឡានផងឱ្យរួចខ្លួនដោយគ្មានទោសពៃរ៍អ្វីឡើយ ។

    មហាជនលើកឡើងថា សកម្មភាពដឹកឈើរបស់មេឈ្មួញទាំងនេះ ប្រព្រឹត្តទៅបានដោយសារតែគណៈបញ្ជាការឯកភាពស្រុកទាំង២ខាងលើជាអ្នកបណ្តែតបណ្តោយ និងមានអ្នកមានអំណាចពាក់ផ្កាយកាងនៅពីក្រោយខ្នងថែមទៀត ។

    ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនបានប្រាប់អ្នកកាសែតឱ្យដឹងថា លោកមិនដែលឃើញគេដឹកឈើផង!? ប៉ុន្តែលោកទទួលស្គាល់ថាឈ្មួញដឹកឈើខុសច្បាប់ឈ្មោះ ពន្លក ប៉ុន្មានថ្ងៃមុនលោកធ្លាប់ចាប់ដែរ។

    ចំណែក លោក ឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាលបានឱ្យដឹងថា ឈ្មួញទាំងប៉ុន្មាននាក់ខាងលើមិនដែលបានចូលមកដឹកឈើស្រែវាលទេ។ ចំពោះឈ្មោះ ព្រុំ វុទ្ធី ហៅធីពុករលួយដែលជាឈ្មួញដឹកឈើខុសច្បាប់ខួបប្រាំងខួបវស្សា ក៏លោកថាមិនដែលស្គាល់ឈ្មោះនេះដែរ ។

    ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សំណូមពរទៅគណៈបញ្ជាការឯកភាពខេត្តមេត្តាជួយមានវិធានការចំពោះក្រុមឈ្មួញទាំងនោះផង ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖