ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បាននៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃព្រហស្បតិ៍ទី០៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ នៅថ្ងៃទី០៥ ឧសភានេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសុីម៉ាក់ បានធ្វេីការត្រួតពិនិត្យនិងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃេីញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញនិងទល់មុខព្រះបរមរាជវាំង។
លោក ហេង រតនា បានថ្លែងបន្តថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិកនិងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកេីតឡេីងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡេីយ! នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។
យោងតាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់ ក៏សូមអរគុណលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំងអង្គភាពសុីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាពដេីម្បីកំលាំងជំនាញអង្គភាពសុីម៉ាក់ធ្វេីការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិយេីង។
ជាមួយគ្នានោះ នៅថ្ងៃដដែលនេះ លោក ហេង រតនា ក៏បានបញ្ជាក់ដែរថា មិត្តភ័ក្ត្រខ្ញុំម្នាក់ផ្ញេីរូបភាពសំបកគ្រាប់បែកទម្លាក់ពីយន្តហោះដែលគេយកទៅធ្វេីសរសរនិងរបងផ្ទះនៅប្រទេសឡាវ។ ហេីយសួរខ្ញុំថា នៅស្រុកខែ្មរយេីងមានគ្រាប់បែកបែបនេះអត់? ខ្ញុំថាចាំតែអត់តេី ពីមុនប្រជាពលរដ្ឋខែ្មរនៅជនបទខ្លះ យកទៅដាំខ្ទឹមស្មោះ!៕
ដោយ៖ស តារា