ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថក្រុងសិរីសោភ័ណបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីប្រើហិង្សាដោយចេតនាទៅលើជនរងគ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ទាប់ពីប្រើហិង្សាដោយចេតនាទៅលើជនរងគ្រោះ។

   លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការបង្ក្រាបករណីហិង្សាដោយចេតនានេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ សុខ ចាន់ធូ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា បើតាមរៀបរាប់របស់ដើមបណ្ដឹង និងជនរងគ្រោះបានរៀបរាប់ថានៅម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យ១ក្រុមមានគ្នា០៣នាក់ បានមកវាយលើជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក បណ្ដាលឱ្យរងរបួសចំក្បាល និងចេញឈាមតាមត្រចៀក ក្នុងខណ:ពេលជនរងគ្រោះកំពុងអង្គុយលេងនៅសួនច្បារកោះពងសត្វ ។ 

ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វឿន វីរ: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងដកហូតបានកាំបិតកែច្នៃដងដែកប្រវែង១១០សង់ទីម៉ែត្រ០១ដើមផងដែរ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ 

ជនសង្ស័យឈ្មោះ វឿន វីរ: ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនផ្សេងទៀតពិតជាបានវាយទៅលើជនរងគ្រោះខាងលើបណ្ដាលឱ្យរងរបួសដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន ព្រមទាំងប្រើកាំបិតកែច្នៃកាប់បំផ្លាញម៉ូតូ០១គ្រឿងទៀតផងដែរ ដោយសារក្រុមជនរងគ្រោះធ្លាប់មានជម្លោះជាមួយក្រុមពួកគេកន្លងមក ។ 

ដោយផ្អែកលើពាក្យបណ្ដឹងរបស់បងស្រីជនរងគ្រោះនិង ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកបក្សពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖