ខេត្តកំពត ៖ លោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង និងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ខេត្តកំពត ។
លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា, សូមគោរពថ្លែងអំណរគុណ សម្តេចព្រះវនរ័តកត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ សប្បុរសជន និងបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមឧបត្ថម្ភ កសាង សមិទ្ធិផលផ្សេងៗ ក្នុងវត្តអារាម រួមមានផ្លូវបេតុង ឧបដ្ឋានសាលា អាគារសាលាបឋមសិក្សា ជួសជុលដំបូលព្រះវិហារ ប្រាសាទតម្កល់សព ហោត្រ័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
លោកបន្តថា, តាមរយៈវប្បធម៌ចែករំលែក ការអភិវឌ្ឍសាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្លូវ និងតម្រូវការចាំបាច់ជាច្រើនទៀត បានលេចរូបរាងឡើងជាបន្តបន្ទាប់ សម្រាប់បម្រើបងប្អូនប្រជាជន។ សមិទ្ធផលនាថ្ងៃនេះ មិនមែនបម្រើឲ្យតែវិស័យពុទ្ធចក្រប៉ុណ្ណោះទេ យើងទទួលបានទាំងអាគារសិក្សាថ្មី សម្រាប់ក្មួយៗ បានចូលសិក្សារៀនសូត្រ ក្លាយជាធនធានមនុស្សសម្រាប់សង្គម។
ក្រោមដំបូលសន្តិភាព វិស័យពុទ្ធចក្រ និងអាណាចក្រ បានកំពុងដើរទន្ទឹមគ្នា រួមគ្នាអភិវឌ្ឍន៍ កសាងប្រទេសជាតិ ប្រកបដោយសុខដុមនីយកម្ម។
ឬសគល់សន្តិភាពនៅកម្ពុជា កើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលថ្នាក់ដឹកនាំបានលះបង់កម្លាំងកាយចិត្ត បូជាជីវិត ស្វែងរកសន្តិភាព និងការពារសន្តិភាពរហូតមកដល់សព្វថ្ងៃ។
អ្វីៗ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាកំពុងធ្វើ គឺគិតគូពីសុខសន្តិភាព ជីវភាពប្រជាជន និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
នយោបាយចាក់វ៉ាក់សាំង និងការដឹកនាំដ៏ត្រឹមត្រូវ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានបង្កបរិយាកាសឲ្យយើងបានជួបជុំគ្នានាថ្ងៃនេះ និងបើកចំហរសេដ្ឋកិច្ច ៕
សូមអរគុណសន្តិភាព!!
ដោយ ៖ សិលា