នៅថ្ងៃទី៦ ខែឧសភា ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានប្រកាសថា លោកបានដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ក្នុងរយៈពេលតែ៥សប្តាហ៍ប៉ុណ្ណោះ ដើម្បីផ្តល់អំណាចដល់កម្លាំងសន្តិសុខ ក្នុងការទប់ស្កាត់ក្រុមបាតុករនៅទូទាំងប្រទេស ។
អ្នកនាំពាក្យប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចអនុវត្តវិធានការតឹងតែងដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់។ ក្រោយហាងលក់ទំនិញ នឹងប្រព័ន្ធចរាចរណ៍សាធារណៈត្រូវបានបិទទ្វារ។ ពលរដ្ឋបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់រដ្ឋាភិបាល ដែលបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចទើបមានបាតុកម្មជាច្រើនកើតឡើង។
នៅព្រឹកថ្ងៃទី៦ ខែឧសភា កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករនិស្សិត ដែលសម្រុកចូលទីតាំងអគាររដ្ឋសភា ទាមទារឱ្យប្រធានាធិបតី លាលែងចេញពីតំណែង ។
កន្លងមក ប្រធានាធិបតី Rajapaksa បានដាក់ប្រទេសក្នុងគ្រាអាសន្ន នៅថ្ងៃទី១ ខែមេសា បន្ទាប់ពីមានក្រុមបាតុករ សម្រុកចូលវិមានរបស់លោក នៅក្នុងរដ្ឋធានី ។ ច្បាប់អាសន្ននោះ បានអូសបន្លាយដល់ថ្ងៃទី ១៤ខែមេសា ក៏បានលុបចោលវិញ ។ ប៉ុន្តែក្រោយមកក៏មានបានតុកម្មបន្តកើតឡើងទើបពេលនេះរដ្ឋាភិបាលសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជាថ្មី៕
ដោយ៖ ធីរីណា(រូបថត ៖ NDTV)